ហាងកញ្ឆាថ្មីៗរីកច្រើនដូចផ្សិតនៅថៃ ក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើអាជីវកម្មកញ្ឆាដោយស្របច្បាប់

ដោយ សុខុម

បាងកក: កញ្ឆាគឺជាគ្រឿងញៀនម្យ៉ាងដែលមានផលប៉ះពាល់ដល់សុខភាពខ្លាំងមិនចាញ់អាភៀនប៉ុន្មានឡើយ ហេតុដូច្នេះហើយបានជាវាត្រូវបានច្បាប់ហាមឃាត់ក្នុងប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក រួមទាំងកម្ពុជា យើងផងដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យធ្វើអាជីវកម្មកញ្ឆាដោយស្របច្បាប់គួរឱ្យភ្ញាក់ផ្អើល ដើម្បីទាញទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលរដ្ឋ។

ក្រោយត្រូវបានអនុញ្ញាតដោយច្បាប់ ហាងកញ្ឆាថ្មីៗត្រូវបានបើកជាបន្តបន្ទាប់ រីកដូតផ្សិតយ៉ាងឆាប់រហ័ស។ តួយ៉ាង ក្រុមហ៊ុន Siam Cannaverse Co ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន Pethlanna Organic និងក្រុមហ៊ុនកែច្នៃកញ្ឆា Raggan 420 Co កំពុងមានគម្រោងបង្កើនចំនួនហាងកញ្ឆារបស់ខ្លួនយ៉ាងច្រើនក្នុងពេលឆាប់ៗនេះដើម្បីកើបលុយពីអាជីវកម្មនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះមានគម្រោងបើកហាងកញ្ឆាថ្មីៗ រហូតដល់ទៅ២០សាខានៅគោលដៅទេសចរណ៍សំខាន់ៗចំនួន១០ដូចជានៅកោះភូកេត (Phuket) ខេត្តក្របី (Krabi) ខេត្តផាង ង៉ា (Phang Nga) ខេត្តរ៉ាក់យ៉ង (Rayong) ខេត្តឈុនប៊ូរី (Chon Buri) ហួហ៊ីន (Hua Hin) ក្រុងឈៀងម៉ៃ (Chiang Mai) ក្រុងផាត់តយ៉ា (Pattaya) និងកោះសាមួយ (Samui) ២ទីតាំង។

ហាងមួយចំនួននឹងត្រូវដំណើរការដោយក្រុមហ៊ុន Siam Cannaverse ចំណែកឯហាងខ្លះទៀតនឹងស្ថិតក្រោមប្រព័ន្ធហ្វ្រែនឆាយ (Franchise)។

វិនិយោគិនដែលចាប់អារម្មណ៍ចង់បោះទុន ត្រូវបានតម្រូវឱ្យវិនិយោគក្នុងទំហំទឹកប្រាក់១លានបាត (២៨.០០០ដុល្លារអាមេរិក) សម្រាប់ថ្លៃហ្វ្រែនឆាយ និង៨០០.០០០បាត (២២.៥០០ដុល្លារអាមេរិក) សម្រាប់ការធានាលើអាជីវកម្មសម្រាប់កិច្ចសន្យារយៈពេល២ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here