អ្នកជំនាញវិស័យធនាគារ៖ ក្នុងតំបន់អាស៊ាន យុវជនកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធធនាគារនៅកម្ពុជាមានកម្រិតខ្ពស់

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យធនាគារកម្ពុជា បានសម្លឹងឃើញថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យធនាគារនៅកម្ពុជា (Fintech) មានកំណើនខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារតែអត្រាប្រជាជនកម្ពុជា មានវ័យក្មេងៗច្រើន ហើយពួកគេចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាជំនាន់ក្រោយ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ (Fintech) នៅកម្ពុជាមានកម្រិតខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជា មានធនធានមនុស្សវ័យក្មេងច្រើន ហើយពួកគេចូលចិត្តការប្រើ ប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលនេះជាលក្ខណៈពិសេសមួយរបស់កម្ពុជា។

លោកបន្ថែមទៀតថា ចំណុចមួយទៀត ក្នុងវិបត្តិនៃការរីករាយដាលនៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមក បានជំរុញឲ្យវិស័យឌីជីថលនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែក ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (Fintech) មានការរីកចម្រើនយ៉ាងលឿន លើសពីការរំពឹកទុក។ ប្រជាជនបានធ្វើការទូទាត់ថ្លៃទំនិញសេវាកម្ម តាមរយៈប្រព័ន្ធធនាគារក្នុងទូរស័ព្ទរបស់ពួកគាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Raymond បានបញ្ជាក់ថា “ខ្ញុំមិនមានតួលេខចំណាត់ថ្នាក់ថា កម្ពុជាស្ថិតនៅក្នុងកម្រិតណាទេ លើការប្រើប្រាស់ Fintech ក្នុងតំបន់អាស៊ាន។ ខ្ញុំគ្រាន់តែអាចនិយាយបានថា ការប្រើប្រាស់ Fintech នៅកម្ពុជាមានកម្រិតខ្ពស់។ តាមរយៈបទពិសោធន៍របស់ខ្ញុំធ្វើការក្នុងតំបន់អាស៊ាន មុនមកកម្ពុជា ខ្ញុំឃើញថាការប្រើប្រាស់បច្ចេកវិទ្យាមានកម្រិតខ្ពស់ ហើយយើងអាចមើលឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏មានការកើនឡើងផងដែរ ហើយបទពិសោធន៍នៃវិបត្តិកូវីដ១៩ ក៏ជួយជំរុញឲ្យ Fintech នៅតែបន្តកើនឡើង”។

បើតាមលោក Raymond សេវាអ៊ីនធើណិត ក៏ដើរតួនាទីយ៉ាងសំខាន់ ជំរុញឲ្យការប្រើប្រាស់ប្រព័ន្ធឌីជីថល មានភាពងាយស្រួល លឿនរហ័ស។ នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបញ្ហាសេវាអ៊ីនធើណិននេះយ៉ាងខ្លាំង ដោយជំរុញឲ្យមានការវិនិយោគបន្ថែម ទាំងការដំឡើងបង្គោលអង់តែន ការអូសខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ជាដើមធ្វើយ៉ាងណាផ្តល់នូវសេវាអ៊ីនធើណិត ប្រកបដោយស្ថិរភាព និងកាន់តែមានវិសាលភាពទៅដល់ទីជនបទ។ ដូច្នេះលោកជឿជាក់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា កាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here