ធនាគារពិភពលោកលើកឡើងចំនួន១១ចំណុចទាក់ទងនឹងដំណើរវិវត្តន៍នៃរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ធនាគារពិភពលោកបានលើកឡើងនូវទស្សទាន និងសូចនាករសំខាន់ៗចំនួន១១ចំណុច ទាក់ទងដំណើរវិវត្តន៍ និងរីកចម្រើននៃរាជធានីភ្នំពេញ។

ចំណុចសំខាន់ៗ ដែលលោក អ្នកគួរសិក្សាស្វែងយល់រួមមានដូចខាងក្រោមនេះ។

ពុំ​មាន​ប្រទេសណា​បាន​សម្រេច​​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិតខ្ពស់ ដោយ​ពុំមាន​ការ​អភិវឌ្ឍ​ និងការពង្រីកទីក្រុង​ឡើយ។ របាយការណ៍នេះ​បង្ហាញថាប្រទេសកម្ពុជាកំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាលដំបូង​នៃ​ការ​អភិវឌ្ឍ និង​ការពង្រីកទីក្រុង ដោយមាន​ប្រជាជន ២១ ភាគរយ ក្នុង​ចំណោម​ប្រជាជនទាំងអស់ កំពុងរស់នៅ​តាម​ទីក្រុង ។
ត្រឹមឆ្នាំ ២០៥០ គេរំពឹងថា ៣៦ ភាគរយ​នៃប្រជាជនទាំងអស់ នឹងរស់នៅ​ក្នុង​តំបន់ក្រុង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍ និង​ការ​ពង្រីក​ទីក្រុង​របស់ប្រទេសកម្ពុជា​កើតឡើង​ក្នុង​អត្រា​ទាបជាង​អ្វីដែលគេរំពឹង​ទុក សម្រាប់​កំណើន​ផលិតផលសរុប​ក្នុង​ស្រុក​ របស់ប្រទេសនេះ បង្ហាញថា ល្បឿន និង​​វិសាលភាព​នៃការអភិវឌ្ឍ និង​ការ​ពង្រីក​ទីក្រុង ទំនងជា​នឹង​បន្ត​មានការកើនឡើង។​ ប្រទេស​ ដែលមាន​ ផសស សម្រាប់ប្រជាជន​ម្នាក់ ដូចជា ប្រទេស​បង់ក្លាដេស ឬ​គីហ្សីស្ថាន ជាដើម មាន​អត្រានគរូបនីយកម្ម​ជិត ៣៥%។

ទីក្រុងភ្នំពេញបានសម្រេចនូវកំណើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០​ឆ្នាំចុងក្រោយនេះ ហើយ​បច្ចុប្បន្ននេះ មានប្រជាជនជិត ២ លាននាក់កំពុងរស់នៅក្នុងទីក្រុង។​ដោយ​ហេតុថា​នេះគឺជា​ទីក្រុង​ធំជាងគេ និង​មាន​ការ​អភិវឌ្ឍ​ឆាប់រហ័សជាងគេ ក្នុង​ប្រទេស ហើយ​ក៏ជា​ច្រកផ្លូវ​ទំនាក់ទំនង​ជាមួយ​នឹង​សេដ្ឋកិច្ច​សកលលោក​ផងដែរ។
ទីក្រុង​នេះមាន​ភាពប្រឈមជាច្រើន​ ​ក្នុងការផ្តល់សេវាជាមូលដ្ឋាន​​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធលូ ការ​សំអាតទឹកស្អុយ ការដឹកជញ្ជូនជាសាធារណៈ និង​សំណល់រឹង។

ដើម្បី​បង្កលក្ខណៈឲ្យមានការរៀបចំផែនការ និង​គ្រប់គ្រង​កំណើន​ក្នុង​ទីក្រុង​ឲ្យបាន​ទាន់ពេលវេលា ដើម្បីកុំឲ្យ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ផ្សេងទៀត​ត្រូវជាប់គាំង​ក្នុង​​គន្លងនៃ​កំណើន​ដែល​ពុំ​មាន​និរន្តរភាព។

របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់នៅក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន បួន៖
កែលំអស្ថាប័ន និង​លើក​កម្ពស់​អភិបាលកិច្ច៖  ស្ថាប័ន​ដែលដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​មាន​សារៈសំខាន់​យ៉ាងខ្លាំង សម្រាប់​ការអភិវឌ្ឍ និង​ការគ្រប់គ្រងទីក្រុង។ ប្រសិនបើពុំ​មាន​ការ​ពង្រឹង​សមត្ថភាពស្ថាប័នទេ ទីក្រុង​ភ្នំពេញ និង​ទីក្រុងផ្សេងទៀត​ប្រាកដជា​អភិវឌ្ឍ ដោយ​គ្មាន​ការ​សម្របសម្រួល ហើយ​ការអភិវឌ្ឍ​នឹង​កើតឡើង​កន្លែងនេះបន្តិច​កន្លែងនោះបន្តិច​ជាមិនខាន។

កែលំអការរៀបចំ និង​ការអនុវត្តផែនការ៖  ដើម្បីសម្រេច​ចក្ខុវិស័យរយៈពេលវែង​ ដូច​ដែល​មាន​ចែង​ក្នុង​ផែនការគោលឆ្នាំ ២០៣៥ ចាំបាច់ត្រូវមានការ​ពង្រឹង​បទដ្ឋានគតិយុត្តិ និង​ក្របខ័ណ្ឌ​ច្បាប់​ ដែល​ផ្តល់​នូវភាពអនុគ្រោះ ដំណើរការ​រៀបចំផែនការ​ទីក្រុង​ដែលមានស្រាប់ និង​សមត្ថភាព​បច្ចេកទេសសម្រាប់អនុវត្ត។

ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រកប​ដោយ​ចីរភាព៖  ដើម្បី​ឆ្លើយតបចំពោះ​តម្រូវការ​របស់​ទីក្រុង និង​បង្កើត​នូវ​បរិយាកាស​ដែលអាចបង្កើនភាព​អាចរស់នៅបាន និង​ភាព​ប្រកួតប្រជែង ការវិនិយោគ​តាមវិស័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន​ក្នុង​ទីក្រុង អាច​ធ្វើបានកាន់តែ​ប្រសើរ ប្រសិនបើ​មាន​ការ​តម្រង់ទិសដោយ​ប្លង់គោល​ដែល​មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ធានាឲ្យមានការអភិវឌ្ឍ និង​ការពង្រីកទីក្រុង​ប្រកប​ដោយ​បរិយាប័ន្ន៖  វិសមភាព​ក្នុងទីក្រុង​បង្ក​ការ​គំរាមកំហែង​ដល់​និរន្តរភាព និង​អាច​នាំឲ្យមាន​ការ​បែកបាក់ និង​ជម្លោះ​ក្នុងសង្គម។ ចក្ខុវិស័យ​បរិយាប័ន្ន​​ រួមមានទំហំវិសាលភាព ផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រ និង​សង្គម អាចជួយការពារទប់ទល់ទៅនឹងហានិភ័យទំាងនោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here