ឧស្សាហកម្មធនាគាររបស់កម្ពុជាសម្រេចបានកំណើនដ៏រឹងមាំនៅក្នុងឆមាសទី១

ដោយ: លាងហួរ

ភ្នំពេញ:យោងតាមរបាយការណ៍ចុងក្រោយ របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់កម្ពុជាទទួលបានកំណើនដ៏រឹងមាំ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចីបានកើនឡើង២៣,៤ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់៥១,៥ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង១៦ភាគរយ ដល់ទំហំទឹកប្រាក់៤២ពាន់លានដុល្លារ។ ប្រាក់កម្ចីនេះត្រូវបានផ្តល់ដល់វិស័យសំខាន់ៗដូចជាពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងផលិតកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបន្ថែមថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា បានកើនឡើងដល់៧៥,២ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំ២០២២ កើនឡើង១៧,២ភាគរយធៀប នឹងខែមិថុនាឆ្នាំ២០២១។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំង យ៉ាងច្បាស់នូវទំនុកចិត្តរបស់សាធារណៈជន ចំពោះប្រព័ន្ធធនាគារក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here