ចិនបញ្ជាទិញមៀនប៉ៃលិនតម្លៃចាប់ពី៣ពាន់រៀល ខណៈពោតក្រហមតម្លៃជាង៦០០រៀល ក្នុង១គីឡូ

ដោយ៖ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ក្នុងតម្លៃជាក់លាក់ចាប់ពី៣.៣០០ ទៅ៤.៥០០រៀលក្នុង១គីឡូក្រាម និងបញ្ជាទិញកសិផលពោតក្រហម ក្នុងតម្លៃ៦៣៦,៦៤រៀល ក្នុង១គីឡូក្រាម។ ក្នុងនោះ ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧.៨១រៀល/គ្រក សម្រាប់ពោតស្នូលសំណើម ២៩%។


នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូ នៅខេត្តប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន និងខេត្ត៣ផ្សេងទៀត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនរួចមក ក្រុមហ៊ុន ឆាយណា បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន និងកសិផលពោតក្រហមក្នុងតម្លៃខាងលើ។
ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យផ្ទាល់នូវស្ថានភាពនៃការនាំចេញកសិផលនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងទីតាំងសៃឡូមួយចំនួន នៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានជួបសំណេះសំណាលជាមួយតំណាងសៃឡូទាំងនោះ ដើម្បីសិក្សារស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ជុំវិញការអភិវឌ្ឍខ្សែច្រវាក់តម្លៃទីផ្សារលើផលិតផលពោតក្រហម និងមៀនប៉ៃលិននៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។


ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់ការរាយការណ៍ និងសំណូមពរមួយចំនួនរបស់ក្រុមកសិករផលិតតំណាងសៃឡូ អំពីបញ្ហាមួយចំនួនដែលកំពុងជួបប្រទះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ៣ចំណុច ដល់លោកអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ក្នុងការសិក្សា និងដោះស្រាយបញ្ហាប្រឈមជូនសមាគម សហគមន៍ និងសៃឡូ តាមរយៈការសហការជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏ល្អប្រសើមួយប្រកបដោយប្រសិទ្ធភាព ដែលអនុសាសន៍ទាំងនោះ រួមមាន៖១-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) និងនីតិវិធីនៃការនាំចេញ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ២-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួល និងពន្លឿននូវការចេញលិខិតស្នើសុំការបញ្ជាក់ភូត្តគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូបញ្ជាទិញពោតក្រហម និងមៀនប៉ៃលិន និង៣-ស្នើសុំក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញទិញពោតក្រហមឲ្យស្របទៅតាមស្តង់ដាកំណត់របស់ភាគីថៃ នៅក្នុងរដូវប្រមូលផលពោតក្រហមក្នុងចន្លោះ ខែកក្កដា និងខែសីហា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនឬឈ្មួញនាំចេញទៅកាន់ប្រទេសថៃ។
ក្រុមអ្នកផលិត តំណាងក្រុមហ៊ុនកែច្នៃ និងតំណាងសៃឡូទាំង៣ខេត្ត មានការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រីកការនាំចេញផលិតសក្តានុពល ដែលនេះគឺជាការផ្តល់កម្លាំងចិត្តដ៏មុតមាំដល់ក្រុមកសិករផលិតនៅក្នុងការពង្រីកផលិតកម្មសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសថៃ និងចិនជាដើម។
គិតមកដល់បច្ចុប្បន្ន ផ្ទៃដីដាំដុះពោតក្រហមមានទំហំប្រមាណ១៤៥,៩៨៣ហិកតា នៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here