ដោយៈ សុខុម
ទីក្រុងគៀវ: ធនាគារកណ្តាលនៃប្រទេសអ៊ុយក្រែន បានលក់ទុនបម្រុងជាមាសចំនួន១២,៤ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។ នេះបើយោងតាមទេសាភិបាលរងធនាគារនេះ បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា។
លោកស្រី Kateryna Rozhkova ទេសាភិបាលរងធនាគារកណ្ដាលអ៊ុយក្រែន បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា “យើងកំពុងលក់ (មាសនេះ) ដើម្បីធ្វើឱ្យអ្នកនាំចូលរបស់យើង មានលទ្ធភាពទិញទំនិញចាំបាច់នានាសម្រាប់ប្រទេសយើង”។
លោកស្រីបានគូសបញ្ជាក់ថា “មាសនេះមិនមែនលក់ ដើម្បីជួយជំរុញរូបិយប័ណ្ណជាតិ Hryvnia របស់អ៊ុយក្រែននោះឡើយ”។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានរាយការណ៍ថា ជនស៊ីវិលដែលស្លាប់ និងរបួសមានចំនួន១១.៥៤៤នាក់ ដោយក្នុងនោះសម្លាប់៥.០២៤នាក់ និងរបួស៦.៥២០នាក់។ នេះបើយោងតាមគេហទំព័រ ohchr.org ចុះផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា។
ក្រៅពីបង្កសោកនាដកម្មផ្ដាច់ជីវិតមនុស្ស ធ្វើឱ្យមនុស្សរងរបួស និងនិរាសព្រាត់ប្រាស សង្គ្រាមឈ្លានពាននេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិអស់រហូតដល់ទៅច្រើនរងពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប៉ាន់ប្រមាណថា រដ្ឋាភិបាលអ៊ុយក្រែន នឹងត្រូវការកញ្ចប់ថវិការហូតដល់ទៅ៧៥០ពាន់លានដុល្លារ សម្រាប់ស្ដារប្រទេសឡើងវិញ ក្រោយពីសង្គ្រាមចប់។
នាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា ទ្រព្យសម្បត្តិរុស្ស៊ី ដែលរឹបអូសបានគួរតែយកទៅប្រើប្រាស់ សម្រាប់ការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ៕ Reuters៕