ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំងសហការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរវាងស្ថាប័នប្រទេសទាំងពីរ

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ សហការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង ដោយផ្អែកលើការអនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈ ដែលធនាគារកណ្តាលទាំងពីរបានចុះចាប់តាំងពីឆ្នាំ២០០៦ កន្លងមក។

អនុស្សរណៈថ្មីនេះ មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុបន្ថែមទៀត។ អនុស្សរណៈនេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញ ទៅមក សំដៅបម្រើដល់ផលប្រយោ​ជន៍នៃធនាគារកណ្តាលទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក François Villeroy de Galhau បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលបារាំង និងធនាគារជាតិនៃកម្ពុជានាពេលនេះ គឺជាសមិទ្ធផលថ្មីមួយក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងយូរអង្វែងរវាងធនាគារកណ្តាលទាំងពីរ”។ លោកបន្តថា “ខ្ញុំជឿជាក់ថា ការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងនៅអាស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ ឱ្យការអនុវត្តលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនេះ កាន់តែមានភាពពេញលេញ សម្រាប់ជាប្រយោជន៍ដល់ធនាគារកណ្តាលទាំងពីរ”។

ជាមួយគ្នានេះ លោកជា ចាន់តូ បានមានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានបង្កើតទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំលើភាពជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្ត។

លោកបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេក​ទេស ឱ្យកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ”។ លោកបន្ថែមថថា “ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយចំពោះវត្តមាន នៃការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំង ប្រចាំតំបន់អាស៊ី ដែលនឹងសម្រួលដល់ការអនុវត្ត អនុស្សរណៈនេះឱ្យទទួលបានផ្លែផ្កាស្របតាមគោលដៅដែលរំពឹងទុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here