គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារផ្ដល់ឥណទានទៅកាន់អតិថិជនជិត ២លាននាក់មានទឹកប្រាក់ជាង ៨,៣ពាន់លានដុល្លារ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះការផ្ដល់ឥណទានពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត នៅតែរក្សាបាននូវកំណើនល្អប្រសើរទៅលើអាជីវកម្មអាទិភាព សម្រាប់ជំរុញ និងស្ដារសេដ្ឋកិច្ចក្រោយវិបត្តិឡើងវិញ។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគម បន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជិត២លាននាក់ ទទួលបានឥណទានសរុប ជាង៨.៣៥៥លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបមានចំនួនជិត២,៧លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង៤.៤០៣លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលឱ្យដឹងថា តាមរយៈការិយាល័យតំណាងចំនួនប្រមាណ១.៩៤៥ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ២៩.៤២៥ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត នៃកម្ពុជា។ ទិន្នន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ ។

ថ្មីៗនេះដែរ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានបញ្ចេញថវិកាប្រមាណ១៥០លានដុល្លារអាមេរិក សម្រាប់ផ្ដល់ឥណទានជូនសហគ្រិន ក្នុងវិស័យទេសចរណ៍ ដើម្បីស្ដារ និងជំរុញវិស័យនេះឱ្យមានកំណើនឡើងវិញ ដោយ៧៥លានដុល្លារជាថវិកាបដិភាគរបស់រដ្ឋាភិបាល និង៧៥លានដុល្លារអាមេរិកជាថវិកាពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក ។

តាមរយៈថវិកានេះនឹងជំរុញឱ្យឥណទាន នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងមានកំណើនបន្ថែមទៀត ធ្វើយ៉ាងណាផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនក្រោយពីទទួលរងផលប៉ះពាល់អស់រយៈពេលជាង២ឆ្នាំកន្លងទៅនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here