World Bank៖ សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​ បាន​ចាប់​ផ្តើម​ងាកទៅរកភាពប្រក្រតីឡើងវិញ

ដោយ៖ ប៊ី

ភ្នំពេញ៖ សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​កម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ​ហើយក្រោយ​ពី​មាន​ការ​សម្រាល​លើ​វិធានការរក្សា​គម្លាត​សុវត្ថិភាពសង្គម។ នេះបើយោងតាមការរបាយការណ៍ធនាគារពិភពលោក (World Bank) ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ធនាគារពិភពលោក បានឱ្យដឹងថា តម្រូវការ​ក្នុងស្រុក​រួមមាន​ការធ្វើដំណើរ​និង​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុកផងកំពុង​តែងើបឡើងវិញ។ ​កម្ពុជា​និង​ចិន​បាន​ប្រកាស​បញ្ចប់​​ការ​ចរចកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាង​ប្រទេសទាំងពីរ (CCFTA)រួចហើយៗកិច្ច​ព្រម​ព្រៀងនេះទំនង​ជា​នឹង​ចូល​ជា​ធរមាន​​ក្នុង​ឆ្នាំ​២០២១។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារពិភពលោក បានឱ្យដឹងទៀតថា នៅ​ក្នុង​ពាក់​កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០២០ គម្រោងវិនិយោគ​ផ្ទាល់ពីបរទេសដែលទទួល​ការ​អនុម័តរួចមាន​តម្លៃ​សរុប​កើន​ប្រហែល ៤០ភាគរយប្រៀប​ធៀប​ទៅនឹង​រយៈកាលដូចគ្នា​ក្នុង​ឆ្នាំ​២០១៩។

នៅ​មុនពេល​មានវិបត្តិ​សកលកើតឡើង​ដោយ​សារ​ការផ្ទុះរាល​ដាលជំងឺកូវីដ-១៩ កម្ពុជាមាន​សេដ្ឋកិច្ច​ដែលមានកំណើន​ដល់​ទៅ ៧,១ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ។

ទោះបីជាយ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០២០នេះ ការ​រាល​ដាលជំងឺនេះ​បាន​ប៉ះពាល់​យ៉ាង​ដំណំ​ទៅលើ​ក្បាលម៉ាស៊ីន​កំណើន​ធំៗ​របស់​កម្ពុជា ពិសេស​វិស័យ​សំណង់ ទេសចរណ៍ និង​ផ្នែក​នាំចេញទំនិញ ដែល​ទាំង​អស់​នេះ​មាន​ចំណែក​ជាង ​៧០ភាគរយ។

ក្នុង​កំណើន​សរុប និង​ ៣៩ភាគរយ នៃការ​ងារ​មាន​ប្រាក់​កម្រៃទាំង​អស់ ក្នុង​ឆ្នាំ​២០១៩។ ប៉ុន្តែជំងឺកូវីដ-១៩ បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់ និង​អចលទ្រព្យ​​នៅទ្រឹងដែល​ជា​វិស័យ​មាន​ការ​ពឹង​ពាក់​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ពីបរទេស។

ការ​នាំ​ចូល​ដែក​និង​ស៊ីម៉ង់ត៍​ក្នុង​កំឡុង​៦ខែ​ដំបូងនៃឆ្នាំ២០២០ បាន​ធ្លាក់ចុះ​៤៥,១ភាគរយ និង​​​៨,២ភាគរយ រៀងៗខ្លួន ប្រៀបធៀបទៅ​នឹង​ឆ្នាំមុន ដោយ​​គម្រោង​សាង​សង់​ធំៗមួយ​ចំនួន​ត្រូវ​ផ្អាក​សកម្ម​ភាព។

ដូចគ្នា​នេះដែរ ការ​រាល​ដាល​ជំងឺ​ទាញ​វិស័យ​នាំ​ចេញធំៗរបស់​កម្ពុជា​ឱ្យធ្លាក់​ចុះ។ វិស័យ​ទេស​ចរណ៍និង​បដិសណ្ឋារ​កិច្ច​របស់​កម្ពុជា​បាន​ដួល​រលំ ដោយ​សារ​តែការ​រឹតត្បិត​​លើ​ការ​ធ្វើ​ដំណើរ​និង​វិធានការ​រាំង​ខ្ទប់​ឱ្យនៅមួយ​កន្លែង។ ចំនួន​ភ្ញៀវ​មក​ដល់បាន​ធ្លាក់​ចុះ​ប្រហែល ៦៤,៦ភាគរយ ក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​តម្រូវ​ការ​លើ​សកលលោក​ បាន​បណ្តាល​ឱ្យ​វិស័យ​កមន្តកម្ម​របស់​កម្ពុជា​ចុះខ្សោយ។

ការ​នាំចេញ​ផលិតផលកាត់​ដេរ, សម្ភារធ្វើ​ដំណើរ, និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ ៧,២ភាគរយក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយ​ទន្ទឹមគ្នានោះ ការនាំចូល​ក្រណាត់​សម្រាប់​យក​មក​កាត់​ដេរ​ បានធ្លាក់ចុះ​ ៨៥,៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here