ដោយ៖ លាងហួរ
អាស៊ី៖ សេដ្ឋកិច្ចពិភពលោកបានដាំក្បាល ដោយសារជំងឺរាតត្បាត និងកំពុងទទួលរងនូវការវាយប្រហារមួយទៀត ដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ នៅក្នុងពិភពលោក។
កង្វះខាតស្បៀងអាហារ ការកើនឡើងតម្លៃប្រេង និងការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល កំពុងធ្វើឱ្យតម្លៃទំនិញសំខាន់ៗឡើងថ្លៃរួចទៅហើយ។
អត្រាអតិផរណាជាមធ្យម ក្នុងអាស៊ាន បានឡើងពី៣,១ភាគរយក្នុងខែធ្នូ ឆ្នាំ២០២១ដល់៤,៧ភាគរយ ក្នុងខែមេសា ឆ្នាំ២០២២។
បម្រែបម្រួលអាកាសធាតុ ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ និងវិសមភាព ក្នុងការទទួលបានការឧបត្ថម្ភធនធាន ហើយឥឡូវនេះសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច និងបញ្ហាស្បៀងសកល។
គ្មានប្រទេសណាអាចដោះស្រាយវិបត្តិទាំងនេះតែម្នាក់ឯងបានទេ ចាំបាច់ត្រូវដាក់ចេញ ជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីការពារជនងាយរងគ្រោះបំផុត ពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលអាចបំផ្លិចបំផ្លាញ ដល់បញ្ហាស្បៀងសកល។
អតិផរណាតម្លៃម្ហូបអាហារអាចនឹងបង្កើនចំនួនប្រជាជន ដែលគ្មានអាហារូបត្ថម្ភ ឱ្យកើនឡើងបន្ថែមទៀតក្នុងអាស៊ាន៕