អ្នកជំនាញបង្ហាញជម្រើសការវិនិយោគដែលមានផលចំណេញខ្ពស់នាពេលបច្ចុប្បន្ន

ដោយ៖ សុផារី

ភ្នំពេញ៖ ការប្រកបអាជីវកម្ម ឬការវិនិយោគតែងតែមានគោលដៅក្នុងការទទួលបានផលចំណេញ។ ការវិនិយោគមានច្រើនជម្រើស និងច្រើនរូបបែបផងដែរ។ អ្នកវិនិយោគមួយរូប ដែលមានបទពិសោធន៍នៅក្នុងការវិនិយោគ បង្ហាញពីជម្រើសនៃការវិនិយោគ ដើម្បីទទួលបានផលចំណេញខ្ពស់។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​វិនិយោគ និងជា​អ្នក​វិនិយោគមួយរូប បានមានប្រសាសន៍ថា ផលចំណេញគឺជាអ្វីដែលជាលទ្ធផលនៃការធ្វើប្រតិបត្តិការអាជីវកម្មមួយដែលជាផលលើស ទូទាត់ការចំណាយទាំងអស់ហើយ រួមទាំងការបង់ពន្ធផងដែរ។ ផលចំណេញត្រូវបានបែងចែកជាពីរប្រភេទ គឺផលចំណេញប្រតិបត្តិការ និងផលចំណេញមូលធន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលចំណេញប្រតិបត្តិការ គឺជាផលចំណេញ ដែលទទួលបានពីការធ្វើប្រតិបត្តិការផ្ទាល់តែម្តង។ ចំណែកផលចំណេញមូលធន គឺជាផលចំណេញ មិនចេញពីប្រតិបត្តិការនៃក្រុមហ៊ុន ឬអាជីវកម្មទាំងស្រុងនោះទេ តែវាមានផលចំណេញតាមរយៈសញ្ញាវិជ្ជមាននៃដំណើរការអាជីវកម្ម មានការគ្រប់គ្រងល្អ មានកំណើនអតិថិជន ។ល។ ដែលធ្វើឱ្យតម្លៃហ៊ុននៃក្រុមហ៊ុនមានការកើនឡើង។

លោកបន្តថា សម្រាប់អ្នកវិនិយោគជាក្រុមហ៊ុន ឬវិនិយោគិនបរទេស ការរំពឹងទុកនៃផលចំណេញជាទូទៅ កម្រិត១៥ភាគរយត្រូវបានចាត់ទុកថាជាកម្រិតមួយល្អ នៅក្នុងស្តង់ដារនៃប្រទេសកម្ពុជា។ ប៉ុន្តែក្នុងករណីការវិនិយោគជាលក្ខណៈបុគ្គល ក៏មានការរំពឹងផលចំណេញដល់ទៅ៣០ភាគរយ។

លោកបានមានប្រសាសន៍ថា “អ្នកវិនិយោគជាបុគ្គលការរំពឹងលើផលចំណេញអាចលើសពី១៥ភាគរយ ដោយសារយើងមានជម្រើសនៃការវិនិយោគច្រើន អ្នកខ្លះគាត់វិនិយោគលើដីធ្លី គាត់ទទួលបានផលចំណេញច្រើនជាង អាស្រ័យតាមទីតាំង ភាពប៉ិនប្រសប់ស្ថានភាពទីផ្សារនៃដីធ្លី ឬអចលនទ្រព្យ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ក្នុងការវិនិយោគដើម្បីផលចំណេញ អាស្រ័យលើសមត្ថភាព ព័ត៌មាន និងចំណេះដឹង ដែលអ្នកវិនិយោគ។ អ្នកវិនិយោគខ្លះជ្រើសរើសការវិនិយោគ ដែលទទួលបានផលចំណេញទាប តែមានហានិភ័យទាប ដើម្បីទទួលបានលំហូរសាច់ប្រាក់ ដូចជា ការទិញអចលនទ្រព្យដើម្បីជួល។ ចំណែក អ្នកវិនិយោគខ្លួះទៀតក៏ជ្រើសរើសយកការវិនិយោគខ្នាតធំ ដើម្បីទទួលបានផលចំណេញខ្ពស់ជាង។

ជម្រើសមួយទៀត គឺការវិនិយោគលើភាគហ៊ុន ដែលអនុញ្ញាតឱ្យវិនិយោគលក់ភាគហ៊ុនបានគ្រប់ពេល។ យ៉ាងណាក្តីការវិនិយោគបែបនេះក៏មានហានិភ័យ ក្នុងករណីការវិនិយោគជាមួយក្រុមហ៊ុនទើបបង្កើតថ្មី ឬការវិនិយោគជាមួយក្រុមហ៊ុនចាស់ទុំ តែមានផលចំណេញទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here