ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក MICROMAX Co., Ltd បានទទួលសិទ្ធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកសម្រាប់អ៊ីអនម៉ល៣ ដែលជាគម្រោងវិនិយោគមានទឹកប្រាក់ជិត៣០០លានដុល្លារ នៅភាគខាងត្បូងក្រុងភ្នំពេញ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ដោយមានការចុះហត្ថលេខារវាងលោក Tsuboya Masayuki នាយកគ្រប់គ្រងនៃក្រុមហ៊ុន Aeon Mall (Cambodia) Co., Ltd និងលោកស្រី លឹម នាងនាថ អគ្គនាយិកាក្រុមហ៊ុន MICROMAX Co., Ltd។
ក្រុមហ៊ុន MICROMAX បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុនអ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាសហគ្រាសស្នូលរបស់ AEON GROUP ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ និងដំណើរការផ្សារទំនើប។
ក្រុមហ៊ុនឱ្យដឹងទៀតថា “ឥឡូវនេះ ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី មានសាខាចំនួនពីរ ដែលត្រូវបានបង្កើតឡើងជាមួយនឹងសាខាថ្មីមួយទៀត ដែលនឹងបើកដំណើរការ នាពេលឆាប់ៗខាងមុខនេះនៅកម្ពុជា”។
កិច្ចសហការលើគម្រោងទីបីនៃផ្សារទំនើបអ៊ីអនម៉លនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានសម្រេចសមិទ្ធិផលរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅសាខាទាំងពីររបស់ក្រុមហ៊ុនអ៊ីអនម៉លកន្លងមក។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផ្សារទំនើបអ៊ីអនទី៣ មានទុនវិនិយោគប្រមាណ២៩០លានដុល្លារអាមេរិកនោះ ដែលនឹងលេចរូបរាងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ដែលមានផ្ទៃក្រឡា១៧ម៉ឺនម៉ែត្រការ៉េ និងសាងសង់ដោយក្រុមហ៊ុន Hyundai Engineering៕