ដោយ៖ សុផារី
ភ្នំពេញ៖ ខេត្តបាត់ដំបងជំរុញការអនុវត្តស្តង់ដាអប្បបរមា (SOP) និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ព្រមទាំងរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីសម្រេចជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ។
លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ហើយកន្លងមករដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ បានខិតខំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍។
បើតាមលោកស្រី កែវ ដាណា បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១១ទីតាំង ដែលជាប្រភពធនធានទេសចរណ៍វប្បធម ប្រវត្តិសាស្ត្រ ធម្មជាតិ និងសហគមន៍ទេសចរណ៍ ដោយបានផ្តល់ការការកម្សាន្ត លំហែ និងការយល់ដឹងថ្មីៗដល់ភ្ញៀវទេសចរ។
លោកស្រីបានបន្តថា កន្លងមក ខេត្តបាត់ដំបងមានមោទនភាព ដែលបានក្លាយជាខេត្តគោលដៅ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនជាងគេ នៅកំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ហើយរដ្ឋបាលខេត្តកំពុងពង្រឹងគុណភាពសេវាកម្មទេសចរណ៍បន្ថែមទៀត តាមរយៈការអនុវត្តនូវស្តង់ដាទេសចរណ៍ និងបទដ្ឋាននានា ដែលក្រសួងទេសចរណ៍បានចុះ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រង ហូកា បានគូសបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចរន្តភ្ញៀវទេសចក្នុងស្រុកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។
លោកបន្តថា ក្នុងនោះ ទេសចរប្រមាណជាង៣០ម៉ឺននាក់បានដើរកម្សាន្ត ជារៀងរាល់សប្តាហ៍ ដូច្នេះការបន្តពង្រឹងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយការរីករាលដាននៃជំងឺឆ្លងកូវីដ-១៩ នោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការការពង្រឹងគុណភាពសេវាកម្ម និងមូលដ្ឋានអាជីវកម្មផ្ទាល់តែម្តង។
ភ្ជាប់ជាមួយការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាខាងលើ គម្រោង “ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER)” របស់អង្គការ UNIDO ក៏បានយកចិត្តទុកដាក់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ (Food and Beverage Services) ដល់អ្នកគ្រប់គ្រង និងបុគ្គលិកចំនួន ២០រូប ដោយផ្តោតសំខាន់លើជំនាញរួមមាន៖ ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព៕