ប្រទេសថៃប្រឈមវិបត្តិអតិផរណាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សនេះ

ដោយ៖ លាងហួរ

ប្រទេសថៃ៖ វិទ្យាស្ថានសេដ្ឋកិច្ចឈានមុខមួយក្នុងប្រទេសថៃ បានជំរុញឱ្យធនាគារកណ្តាលថៃ ពន្យារពេលការដំឡើងអត្រាការប្រាក់រហូតដល់ត្រីមាសចុងក្រោយ ដោយព្រមានថាការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ក្នុងការដំឡើងការប្រាក់មុនត្រីមាសទី៤អាចបង្កឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Montree Socatiyanurak នាយកកម្មវិធីគ្រប់គ្រងកម្រិតខ្ពស់របស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍ (Nida) បានមានប្រសាសន៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ(MPB) របស់ធនាគារកណ្តាលថៃកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយត្រូវតែសម្រេចចិត្តថា តើត្រូវដំឡើងអត្រាការប្រាក់ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃប្រាក់បាត ឬរក្សាអត្រាបច្ចុប្បន្ន ដើម្បីជួយសម្រួលដល់ការនាំចេញ ប៉ុន្តែត្រូវចំណាយថ្លៃដើមខ្ពស់ សម្រាប់ការនាំចូលថាមពល។

លោកបានបន្តថា សេដ្ឋកិច្ចថៃកំពុងកើនឡើងយឺតក្នុងអត្រាពី១ ទៅ១,៥ភាគរយ ដោយសារភាពមិនច្បាស់លាស់ពីខាងក្រៅ បូករួមទាំងការកើនឡើងអតិផរណាក្នុងស្រុក តម្លៃដើមផលិតកម្ម និងតម្លៃទំនិញប្រើប្រាស់ ក៏ដូចជាការកើនឡើងអត្រាការប្រាក់។

កាលពីថ្ងៃទី០៨ ខែមិថុនា គណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ (MPC) បានបោះឆ្នោតក្នុងសម្លេង៤:៣ ដើម្បីរក្សាអត្រាគោលនយោបាយបច្ចុប្បន្ន ដែលស្ថិតក្នុងអត្រា០,៥ភាគរយក្នុងមួយឆ្នាំ។

យ៉ាងណាក្តី សមាជិក MPC បីនាក់បានបោះឆ្នោតឱ្យធនាគារដំឡើងការប្រាក់០,២៥ភាគរយ ដែលរំពឹងឱ្យដំឡើងអត្រាការប្រាក់នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់។

លោក Montree បានឱ្យដឹងថា អតិផរណាស្ថិតនៅ៥ភាគរយនៅដើមឆ្នាំនេះ បានកើនឡើងដល់៧,១ភាគរយនៅក្នុងខែឧសភា ដែលបង្កដោយតម្លៃថាមពលនិងអាហារកាន់តែខ្ពស់ ដែលនេះជាកម្រិតមួយខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។

លោកបានបន្តថា កំណើនសេដ្ឋកិច្ចមានត្រឹមតែ២ភាគរយ នៃអតិផរណា ហើយប្រហែល៧ភាគរយបានមកពីកំណើននៃការចំណាយក្នុងវិស័យអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here