ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាចំនួនជាង៣១៧លានដុល្លារអាមេរិក ប៉ុន្តែក្នុងរយៈពេលដដែលនេះ កម្ពុជាក៏បានទូទាត់បំណុលទៅដៃគូអភិវឌ្ឍន៍វិញ ចំនួន១៨៧លានដុល្លារអាមេរិកផងដែរ។
យោងតាមរបាយការណ៍ស្ថិតិបំណុល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា ក្នុងចំណោមឥណទានសម្បទាន ដែលកម្ពុជាចុះកិច្ចព្រមព្រៀងក្នុងត្រីមាសទី១នេះ ក្នុងនោះក្របខ័ណ្ឌទ្វេរភាគីមានប្រមាណ៥២ភាគរយ និងក្របខ័ណ្ឌពហុភាគីមាន៤៨ភាគរយ ។ ឥណទានទាំងនេះ គឺសម្រាប់បំពេញ តម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម។
សម្រាប់ការទូទាត់បំណុលក្នុងត្រីមាសទី១ឆ្នាំនេះ ក្នុងក្របខ័ណ្ឌទ្វេរភាគី មានទឹកប្រាក់ចំនួន១៤៩,១៦លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម១១៣,៣៧លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗមាន ៣៥,៧៩លានដុល្លារអាមេរិក។ ក្របខ័ណ្ឌ ពហុភាគីមានចំនួន៣៧,៨៧លានដុល្លារអាមេរិក ប្រាក់ដើមមាន២៩,១១លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗមាន៨,៧៦លានដុល្លារអាមេរិក។
ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ការទូទាត់សេវាបំណុលក្នុងត្រីមាសទី១ឆ្នាំនេះ មានកំណើនប្រមាណ៣៣ភាគរយ ។
លទ្ធភាពបឋមនៃការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២២បង្ហាញថា ការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងៗទៀតក្ដី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតនៅក្រោមអនុបាតគោល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផ.ស.ស មានត្រឹមកម្រិត ២៤,៩ភាគរយធៀបនឹងអនុបាតគោល៤០ភាគរយ៕