ដោយ: លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានតម្លៃ២២,៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២ ដែលកើនឡើង១៩,៧ភាគរយពី១៨,៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករបានឱ្យដឹងថា ការនាំចេញសរុបរបស់ប្រទេសកម្ពុជា មានតម្លៃ៩,៤១ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំ២០២២នេះ ដែលកើនឡើង៣៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចូលសរុបឈានដល់១៣ពាន់លានដុល្លារកើនឡើង១១ភាគរយ ។
របាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី ដោយបានបន្ថែមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនបានកើនឡើងដល់៤,៩៩ពាន់លានដុល្លារ ពោលគឺកើនឡើង២៦ភាគរយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានចាត់ទុកកំណើនគួរឱ្យកត់សម្គាល់ ចំពោះអត្រាការចាក់វ៉ាក់សាំងខ្ពស់របស់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ។
លោកបានប្រាប់សារពត៌មានស៊ីនហួថា ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ កតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) និង FTA កម្ពុជា-ចិន (CCFTA) គឺជាកត្តាសំខាន់សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ។
លោកបន្តថា “យើងរំពឹងថាពាណិជ្ជកម្មកម្ពុជា នឹងបន្តកើនឡើងពេញមួយឆ្នាំ២០២២នេះ និងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។
លោកប៉ែន សុវិជាតិ បានមនាប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងនាពេលអនាគត។លោកបានបន្តថាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP និង CCFTA យើងមានទំនុកចិត្តថាការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិននឹងកាន់តែធំ ជាពិសេសការនាំចេញកសិផល ដែលមានសក្តានុពលដូចជាអង្ករ ចេក និងស្វាយ ផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃ។
ប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញទាំងស្រុង នូវសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន និងបានបើកព្រំដែនឡើងវិញ ចំពោះអ្នកធ្វើដំណើរដែលបានចាក់ថ្នាំបង្ការ ដោយមិនដាក់ឱ្យនៅដាច់ពីគេ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២ បន្ទាប់ពីប្រជាជនភាគច្រើន បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩៕