ដោយៈគង់ សូរិយា
ប្រទេសចិនៈ អាជ្ញាធរគយចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចិន អាចនាំចូលផ្លែមៀនប៉ៃលិនរបស់កម្ពុជា ទៅទីផ្សារចិន នៅអំឡុងខែសីហា ខាងមុខនេះ។
លោកសួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ដែលទទួលបានដំណឹងនេះពីក្រុមហ៊ុនស៊ីន គួយ យ័ន របស់ចិនមានរោងចក្រ និងឡសម្លាប់មេរោគលើផ្លែមៀន នៅក្នុងខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបញ្ជាទិញបានប្រាប់ឱ្យកសិករដាំមៀន នៅខេត្តប៉ៃលិនត្រៀមខ្លួន ដើម្បីប្រមូលផលមៀន សម្រាប់នាំចេញទៅផ្សារប្រទេសចិន។
លោកបន្តថា ក្រុមហ៊ុនចិន ចាប់ផ្តើមបញ្ជាទិញជាដំណាក់កាល ពោលគឺដំណាក់កាលទី១ ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំនេះ ក្នុងតម្លៃ៣៦០០រៀ ក្នុងមួយគីឡូក្រាម។ ដំណាក់កាលទី២ ចាប់ពីខែធ្នូ ដល់ខែមករា ឆ្នាំ ២០២៣ តម្លៃ៣៨០០រៀល ដំណាក់កាលទី៣ ពីខែមករា ដល់ខែ កុម្ភៈ តម្លៃមួយគីឡូ៤០០០រៀល និងឈានដល់៤៥០០រៀល ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ បើតាមលោក សួន ជុំ ក្នុងមួយថ្ងៃក្រុមហ៊ុនចិន អាចបញ្ជាទិញមៀនប៉ៃលិនប្រមាណខ្ទង់ ១០០-២០០ តោន។
ប៉ុន្តែតម្រូវការរបស់ក្រុមហ៊ុន គឺទាមទារឱ្យកសិករ ជាម្ចាស់ចម្ការត្រូវមានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ (CAM GAP) ដែលចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកវេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេសសរុប១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ទិន្នផលផ្លែមៀនប៉ៃលិន ឬតាង៉ែន គិតជាមធ្យមមានចំនួន១៦តោន ក្នុងផ្ទៃដីមួយហិកតា៕