ដោយ៖ សូរិយា
ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែឧសភា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន១៧០.២៨២.០៣១ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ១៦៨.៤៦៨.៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន១.៨១៣.៣៩១ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១០៥.០៤៨តោន កើនឡើងចំនួន១.៨០៩តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៣.០២៦ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ១.៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤.០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១០.១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន៩៣.៨៥១ហិកតា ស្មើនឹង២៣%៕