ដោយ៖ លាងហួរ
អឺរ៉ុប៖ ធនាគារកណ្តាលអឺរ៉ុបបានបញ្ចប់គម្រោងស្តារសេដ្ឋកិច្ច ដែលបានអូសបន្លាយដ៏យូររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ហាញសញ្ញាពីការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលអាចនឹងកើនឡើងចាប់ពីខែកញ្ញា ប្រសិនបើវិបត្តិអតិផរណានៅតែមិនមានភាពប្រសើរឡើង។
ជាមួយនឹងអតិផរណានៅកម្រិតខ្ពស់បំផុតត្រឹម៨,១% ហើយនៅតែបន្តកើនឡើង ធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងមានការព្រួយបារម្ភថា កំណើនតម្លៃកំពុងកើនឡើង និងអាចឈានទៅដល់ដំណាក់កាលមួយដែលតម្លៃប្រាក់ឈ្នួលពិបាកបំបែកបាន។
ធនាគារ ECB បានឱ្យដឹងថា ខ្លួននឹងបញ្ចប់ការទិញមូលបត្របំណុល នៅត្រឹមថ្ងៃទី១ ខែកក្កដា និងដំឡើងអត្រាការប្រាក់ដល់២៥ពិន្ទុមូលដ្ឋាន ឬ០,២៥ភាគរយ នៅចុងខែកក្កដា។ ធនាគារក៏ព្រមានថា អត្រាការប្រាក់នឹងអាចកើនឡើងខ្ពស់ជាងនេះម្តងទៀត ក្នុងខែកញ្ញា ប្រសិនបើអតិផរណានៅតែបន្តហក់ឡើងបែបនេះ។
យោងតាមប្រភពដដែលបានឱ្យដឹងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃអតិផរណាត្រូ វបានជំរុញដោយកំណើនតម្លៃថាមពល តម្លៃអាហារ និងសេវាកម្ម។ ទំហំការដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់កំណើនតម្លៃ ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ ដោយអ្នកបង្កើតគោលនយោបាយរបស់ធនាគារ ECB ។ ក្នុងនោះប្រធានសេដ្ឋវិទូលោក Philip Lane បានស្នើឱ្យធនាគារដំឡើងការប្រាក់០,២៥% ក្នុងខែកក្កដា និងកញ្ញា ប៉ុន្តែអ្នកផ្សេងទៀតជជែកតវ៉ាឱ្យធនាគារដំឡើងការប្រាក់ដល់០,៥% ដែលធនាគារត្រូវយកមកពិចារណា។
ធនាគារកណ្តាលអឺរ៉ុប បានព្យាករណ៍ថា អតិផរណានឹងនៅត្រឹម៦,៨%នៅឆ្នាំ២០២២នេះ ធៀបនឹងការព្យាករណ៍ពីមុនមានត្រឹមតែ៥,១%។ ចំណែក នៅឆ្នាំ២០២៣ អតិផរណាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹម៣,៥% ហើយនៅឆ្នាំ២០២៤ នឹងមកនៅត្រឹម២,១%។
ធនាគារកណ្តាលអឺរ៉ុបបានឱ្យដឹងទៀតថា ក្រុមប្រឹក្សាភិបាលនឹងធ្វើឱ្យប្រាកដថា អតិផរណានឹងត្រឡប់ទៅគោលដៅ២%របស់ខ្លួន ក្នុងរយៈពេលមធ្យម៕