ដោយៈ សូរិយា វង្ស
ភ្នំពេញៈ ធនាគារពិភពលោកនៅតែរក្សាភាពសុទិដ្ឋិនិយម ដោយបានរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើនក្នុងរង្វង់៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ។
ការព្យាករណ៍លើកំណើននេះ គឺដូចគ្នានឹងការព្យាករកាលពីខែមករា ដើមឆ្នាំ ជាមួយនឹងគ្នានេះ ធនាគារនេះក៏បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។
នៅក្នុងរបាយការណ៍ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ឆ្នាំនេះការព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា មិន មានការផ្លាស់ប្តូរ ពីកំណើនដែលត្រូវបាន ព្យាករណ៍កាលពីខែមករាទេ។
បើធៀបក្នុងចំណោមសេដ្ឋកិច្ចអាស៊ាន ដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ភាគរយនៅឆ្នាំនេះ។
របាយការណ៍ដដែលបានបន្តថា បន្ថែមពីលើការខូចខាត ដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការថមថយនៃសេដ្ឋកិច្ច សកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយ ដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើន សេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។
នៅក្នុងកម្រិតជាសកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះពី៥,៧ភាគរយក្នុងឆ្នាំ២០២១ មកត្រឹម២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងជាឆ្នាំមុន បើប្រៀបធៀបទៅនឹង៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាលពីដើមឆ្នាំនេះ៕