ធនាគារពិភពលោកៈសង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យអតិផរណាកើន ហើយស្ថានភាពហិរញ្ញវត្ថុកាន់តែត្រូវបានរឹតបន្តឹង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ធនាគារពិភពលោកបានលើកឡើងថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ១៩ បានបង្កឡើងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរថមថយនៃសេដ្ឋកិច្ចសកលលោ​ក​កាន់តែធ្លាក់ចុះល្បឿន សេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី៧ មិថុនា ២០២២ឱ្យដឹងថា បញ្ហាដែលកើតឡើងនេះ នឹងបង្កឱ្យមានហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសដ្ឋកិច្ច ដែលអាចបណ្ដាល ឱ្យប្រទេសមានចំណូលកម្រិតមធ្យម និងកម្រិតទាបជួបនូវផលវិបាក។ ក្នុងកម្រិតសាកល កំណើនសេដ្ឋកិច្ចត្រូវរំពឹងទុកថា នឹងស្រុតចុះពី៥,៧ភាគរយក្នុងឆ្នាំ២០២១ មកនៅត្រឹម២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងច្រើនប្រៀបធៀបនឹង៤,១ភាគរយ ដែលត្រូវបានប្រមើលទុកកាលពីខែមករាដើមឆ្នាំនេះ ។

ការរំពឹងទុកកម្រិត២,៩ភាគរយនេះ នឹងនៅទ្រឹងរហូតដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ដែលបានបង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគនិងការធ្វើពាណិជ្ជកម្មហើយក្នុងរយៈពេលខ្លីខាងមុខ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ ឬឯគោនយោបាយអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុ និងរូបិយវត្ថុក៏នឹងត្រូវដកថយដែរ។

លទ្ធផលនៃការខូចខាតសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ និងសង្គ្រាមចំណូលសម្រាប់មនុស្សម្នាក់ នៅក្នុងបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២២ នឹងមានកម្រិត៥ភាគរយ ទាបជាងកម្រិតដែលធ្លាប់មានកាលពីមុនសម័យផ្ទុះកូវីដ១៩ ។

លោកដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់និងហានិភ័យនៃអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ចកំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់នៃសេដ្ឋកិច្ចឡើយ ។

លោកបន្តថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្តូរក្នុងគោលនយោបាយ ផ្នែកសារពើពន្ធរូបិយវត្ថុ អាកាសធាតុ និងបំណូល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធាន មិនចំគោលដៅនិងវិសមភាព ។

យ៉ាងណាក្ដី រដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែរ តែកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅតែកំណើនល្អនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ ដោយសារតែសកម្មភាពអាជីវកម្មក្នុងស្រុក បានកម្រើកឡើងវិញ ជាមួយនឹងអាជីវកម្មតាមវិស័យក៏បានងើបឡើងវិញទោះក្នុងកម្រិតទាបក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here