ធនាគារ ឈីហ្វ ប្រារព្ធព្រឹត្តិការណ៍ធំៗចំនួន២ជាមួយនឹងការបង្ហាញវត្តមានអាគារខ្ពស់កប់ពពកកណ្តាលរាជធានី

ដោយៈ តូនិក

ភ្នំពេញៈ ធនាគារ ឈីហ្វ ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ពីរ ក្នុងឆ្នាំ

២០២៥​​នេះ ដែលទីមួយគឺជាការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower និងទី២ ខួបលើកទី១១ ក្នុងការធ្វើប្រតិបត្តិការធនាគារក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មពិធីនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ ដែលនេះ គឺជាការបោះជំហានថ្មីមួយក្នុងការបន្តពង្រីក និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ទៅកាន់តំបន់ពាណិជ្ជកម្មដ៏លេចធ្លោបំផុតមួយ នៃរាជធានីភ្នំពេញ។

ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលពីតំបន់បឹងកក់ មកទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារChief Tower ដែលមានទីតាំងនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកង១ គឺដើម្បី   ផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្ម។

ទីស្នា​​ក់ការកណ្តាល Chief Tower​ នេះ នឹងធ្វើប្រតិបត្តិការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ដើម្បីឱ្យអតិថិជនងាយស្រួលបន្ថែមទៀត ក្នុងការទទួលនូវសេវាកម្មពីធនាគារ។

ប្រធាននាយក​ប្រតិបត្តិ​ធនាគារ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បាន​បញ្ជាក់យ៉ាងច្បាស់លាស់​ពី​សារៈសំខាន់ទាំងនេះថា​ ទីស្នាក់ការថ្មីរបស់យើងមិនមែនគ្រាន់តែជាអគារនោះទេ តែវាតំណាងឱ្យការវិវត្ត គុណតម្លៃ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការផ្លាស់ប្តូរទៅកាន់ទីតាំងសំខាន់នេះ និងការពង្រីកប្រតិបត្តិការ សេវាកម្មរហូតដល់ចុងសប្តាហ៍ទៀតផង ដើម្បីបញ្ជាក់សារជាថ្មីថា យើងនឹងផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ការបោះជំហានដោយភាពអត់ធ្មត់ រហូតទទួលបានជោគជ័យក្លាយជាធនាគារពាណិជ្ជ

ធនាគារ ឈីហ្វ បង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៣​ ជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន១០លានដុល្លារ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនដំបូង ត្រឹមជាធនាគារឯកទេសតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ធនាគារយើងបានទទួលអាជ្ញាប័ណ្ណ កម្លាយខ្លួនទៅជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០១៨។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤​ យោងតាមរបាយការណ៍សវនកម្មដោយEY ទ្រព្យសកម្មសរុបរបស់ធនាគារមានលើសពី ២៨១លានដុល្លារ ខណៈដែលប្រាក់បញ្ញើសរុបមានលើសពី១៨៨​លានដុល្លារ និងការកើនឡើងប្រាក់ចំណេញ យោងតាមស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលជាសញ្ញានៃកំណើនដ៏រឹងមាំ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

មួយទស្សវត្សកន្លងមកនេះ ធនាគារ ឈីហ្វ រីកចម្រើនទាំងអតិថិជន​ និងបុគ្គលិកការងាររបស់ខ្លួន ខណៈពេលដែលយើងប្រឹងប្រែងបន្ថែមទៀត លើគោលដៅជាយុទ្ធសាស្រ្ត ក្នុងការផ្លាស់ប្តូរតាមបែបឌីជីថល (Digital) ដោយគោរពលើអនុលោមតាមបទប្បញ្ញត្តិ និងការកំណត់ម៉ាកយីហោ។

លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋ បានចាត់ទុកការរីកចម្រើននេះ ទៅនឹងទស្សនវិទ្យាណែនាំរបស់ធនាគារ “The Chief Way” ដែលសង្កត់ធ្ងន់លើ “វិជ្ជាជីវៈ សុច្ចរិតភាព និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន”។

លោកបានបញ្ជាក់ថា “យើងបានចាប់ផ្តើមជាមួយនឹងបេសកកម្មច្បាស់លាស់ ដើម្បីបម្រើប្រជាជនកម្ពុជា តាមរយៈសេវាធនាគារប្រកប​ដោយក្រមសីលធម៌ និរន្តរភាព និងអាចប្រើប្រាស់សេវាធនាគារគ្រប់ៗគ្នាបាន”។លោកបន្ថែមថា “តម្លៃនៃការជឿទុកចិត្ត និងទំនួលខុសត្រូវគឺជាចំណុចស្នូលដែលអាចឱ្យយើងធ្វើទាំងអស់គ្នាបាន”។

ទំនុកចិត្ត វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិត និងទស្សនវិស័យក្នុងឆ្នាំ ២០២៥

លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានគូសបញ្ជាក់ថាមកដល់ឆ្នាំ ២០២៥ យើងបន្តការប្តេជ្ញាចិត្តជាថ្មី ដើម្បីផ្តល់ជំនឿទុកចិត្ត សីលធម៌ និងទំនា​ក់ទំនងអតិថិជនឱ្យកាន់តែរឹងមាំ ដែលជាគោលការណ៍គ្រឹះសម្រា​ប់ឆ្នាំខាងមុខ។

លោកបានពន្យល់ថា “ទំនុកចិត្ត និងក្រមសីលធម៌ គឺជាសសរស្តម្ភ ដែលនាំយើងឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយវានឹងជាមូលដ្ឋានគ្រឹះ សម្រាប់ភាពជោគជ័យរបស់យើង នៅក្នុងឆ្នាំ ២០២៥ នេះ” ។លោកបណ្ឌិតបានបន្តថា “យើងមានក្រុមការងារខ្លាំង វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មដែលសមស្របនឹងតម្រូវការរបស់អតិថិជនរបស់យើងនៅថ្ងៃនេះ និងទៅអនាគត”។

ការប្រកាន់ខ្ជាប់របស់ធនាគារ Chief ចំពោះការអនុវត្តអាជីវកម្មប្រកបដោយសីលធម៌ ត្រូវបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងយុទ្ធសាស្រ្តរយៈពេលវែង ដោយផ្តោតលើនិរន្តរភាព លើប្រាក់ចំណេញរយៈពេលខ្លី។ លោកបានបន្ថែមថា “យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយអតិថិជនរបស់យើង។ វិធីសាស្រ្តប្រកបដោយក្រមសីលធម៌ធានាថា យើងបន្តបម្រើអតិថិជនប្រកប​ដោ​យប្រសិទ្ធភាព ខណៈពេលយើងកំពុងកសាងទំនុកចិត្តយូរអង្វែង” ។

ធនាគារនឹងពង្រីកបណ្តាញសាខា បែបយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ ដែលមានសក្តានុពលខ្ពស់នៃរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត។ ការរីកចម្រើនផ្នែករូបវន្តនេះ នឹងបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមបែបឌីជីថល (Digital) ដែលកំពុងដំណើរការ ដូចជាកម្មវិធី Chief Mobile ៣.០ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវចំណុចប្រទាក់ និងបទពិសោធន៍ធនាគារឌីជីថលដ៏ប្រសើរមួយ។

សេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចបែបឌីជីថល (Digital​ Micro-Lending Platform) ក៏បន្តជួយដល់បរិយា ប័ន្នហិរញ្ញវត្ថុផងដែរ ដោយផ្តល់ឥណទានជូនអតិថិជនរហូតដល់ $៥០០០ គ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែស្នើសុំតាមទូរសព្ទ ហើយប្រើរយៈពេល២៤ម៉ោង ដើម្បីទទួលបានប្រាក់កម្ចីហៅថា Chief Easy ។ វាអនុញ្ញាតឱ្យអតិថិជនដែលមានសិទ្ធិ ស្នើសុំប្រាក់កម្ចីរហូតដល់ $៥,000 ដោយគ្មានវត្ថុបញ្ចាំ តាមរយៈស្មាតហ្វូនរបស់ពួកគេ ដែលបម្រើសេវាកម្មរយៈពេល ២៤ម៉ោង។ លើសពីនេះធនាគារChief រក្សាភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលសំខាន់ៗ រួមមានប្រព័ន្ធបាគង​ (Bakong) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា KHQR និង CSS ។

ការគ្រប់គ្រងហានិភ័យ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌

ការរីកចម្រើនឥតឈប់ឈរជាលំដាប់របស់ធនាគារ ឈីហ្វ ចំពេលដែលមានទិដ្ឋភាពហិរញ្ញវត្ថុ កំពុងវិវឌ្ឍន៍ដែលបណ្តាលឱ្យការគ្រប់គ្រងហានិភ័យ ប្រកបដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តន៍តាមបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាព។

លោកបណ្ឌិត មានប្រសាសន៍ថា “ការគ្រប់គ្រងហានិភ័យ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់យើង”។ លោកបន្តថា “ការផ្តោតអារម្មណ៍ លើការសម្រេចចិត្តដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ ដែលស្របតាមចក្ខុវិស័យរយៈពេលវែង របស់យើង និងគាំទ្រទាំងស្ថិរភាពអតិថិជន និងកំណើនប្រកបដោយនិរន្តរភាព។”

ការដឹកនាំនៅតែមានទំនុកចិត្ត ដោយសារតែធនាគារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន បុគ្គលិក និងដៃគូយុទ្ធសាស្រ្ត  និងស្ថិតក្រោមការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា (NBC) ទើបធ្វើឱ្យសម្រេចឱ្យខានតែបាន នូវគោលបំណងរបស់ខ្លួនក្នុងឆ្នាំ ២០២៥​។ “មកដល់ឆ្នាំ២០២៥​នេះ ដោយមានចក្ខុ​វិស័យច្បា​ស់លាស់ ដើម្បីបន្តក្លាយជាដៃគូហិរញ្ញវត្ថុ ដ៏គួរឱ្យទុកចិត្តសម្រាប់អតិថិជនរបស់យើង ក៏ដូចជារក្សាបាននូវកំណើនសីលធម៌ខ្ពស់បំផុត និងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា” ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ​​នេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្រពីសំណាក់ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ព្រមទាំងអតិថិជន និងដៃគូអាជីវកម្មដ៏ស្មោះត្រង់របស់យើងដែរ។

ដោយមានទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ការផ្តោតទៅលើតម្រូវការរបស់អតិថិជន និងគុណតម្លៃស្នូល លើរាល់ការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយធនាគារ ឈីហ្វ ត្រៀមរួចជាស្រេចដើម្បីវឌ្ឍនភាពឆ្នាំបន្តទៀត ក្នុងគោលបំណងផ្តល់នូវទំនុកចិត្ត ការច្នៃប្រឌិត និងសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលសម្រាប់ប្រជាជនកម្ពុជាយើង។

ទីស្នាក់ការកណ្តាលថ្មី​: https://maps.app.goo.gl/ZCoLPPPZannnGsmE7

LEAVE A REPLY

Please enter your comment!
Please enter your name here