ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានជួបប្រជុំគ្នាទាក់ទងនឹងបញ្ហាប្រឈមជាសកល

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ក្រោមការដឹកនាំរបស់សហប្រធានប្តូរវេនចិន និងម៉ាឡេស៊ី អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និង នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។

សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ក្នុងឆ្នាំ២០២៥ នេះ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។ ជាការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានបង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុ នាពេលកន្លងមក និងបានដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់ ជាពិសេសទៅលើ៖ i/-ការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់ ii/-ការបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣ iii/-ការជំរុញការចេញផ្សាយសញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់ iv/-ការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង និង v/-ការដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ជំនួយបច្ចេកទេស ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ទេសាភិបាល ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kenji Okamura នាយករងគ្រប់គ្រង IMF ដើម្បីផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។ លោកជំទាវ ក៏បានជម្រាបជូនពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រកំណើន និងការប្រឈមនឹងភាពមិនច្បាស់លាស់នៃភាពតានតឹងពាណិជ្ជកម្ម។

ជាមួយគ្នានោះ ឯកឧត្តម Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here