ដោយៈលក្ខិណា
ភ្នំពេញៈ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេសមានទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោលផលិតផលកសិកម្មនោះ ការនាំចេញផលិតផលក្រៅពីស្រូវ និងអង្ករមានទឹកប្រាក់ជិត១៤០០លានដុល្លារ និងការនាំចេញស្រូវនិងអង្ករមានទឹកប្រាក់៥៦៥លានដុល្លារអាមេរិក។
របាយការណ៍ដដែលនេះឱ្យដឹងថា ក្នុងរយៈពេល៥ខែកន្លងមកនេះការនាំចេញកសិផលក្រៅស្រូវ និងអង្ករមានចំនួនជាង៣.២៣លានតោន កើនឡើង១៣៤ពាន់តោន បើគិតជាទឹកប្រាក់នាំចេញ ក្នុងរយៈពេល៥ខែនេះ មាន
ចំនួនជិត១៤០០លានដុល្លារអាមេរិក និងមានកំណើនប្រមាណ៤,៣៤ភាគរយប៉ុណ្ណោះ។
ដោយឡែកការនាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស មានជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់នាំចេញ មានចំនួន១៧៣,៤៧លានដុល្លារអាមេរិក និងការនាំចេញស្រូវរយៈពេល៥ខែនេះ មានបរិមាណ១,៧០លានតោនគិតជាប្រាក់មានចំនួន៣៩១,៦៩លានដុល្លារអាមេរិក ។
តាមរបាយការណ៍ដដែលបង្ហាញថា ការនាំចេញផលិតផលកសិកម្មមួយចំនួន ទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ ជាពិសេសទៅកាន់ប្រទេសចិន ក្នុងនោះមានដូចជាការនាំចេញដំឡូងមី ថ្នាំជក់ សណ្ដែកសៀង និងបន្លែចម្រុះ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដោយសារកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការរាលដាលឆ្លងជំងឺកូវីដ១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន -វៀតណាម និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលមកពីការរកឃើញវត្តមានកូវីដ ១៩ នៅលើសម្បកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយប្រទេសចិន ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២២នេះ តម្រូវការស្បៀងនៅលើពិភពលោក នឹងមានការកើនឡើងខ្ពស់ ស្របពេលសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ហើយកម្ពុជា ក៏ជាប្រទេសផលិតស្បៀងមួយដ៏សំខាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារអន្តរជាតិផងដែរ៕