ដោយៈ គង់ ម៉ាលីនណា
ព្រះសីហនុៈ រោងចក្រ សហគ្រាសចំនួន១៧០ក្រុមហ៊ុន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។
ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ក៏កំពុងតែជំរុញជាបន្តបន្ទាប់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថា នឹងមានសហគ្រាសចូលមកកាន់តំបន់នេះ កើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ ម៉ឺនដល់១០ម៉ឺននាក់។
លោកChen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃទី ២៤ ខែ ឧសភាកន្លងមកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលកសាងរួមគ្នាដោយចិន និងកម្ពុជា។
យោងតាមទិន្នន័យគយក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូល និងនាំចេញសរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះ កើនដល់២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ត្រីមាសទី១នៃ២០២២ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុបកើនដល់៧១០លានដុល្លារអាមេរិក កើនឡើង៥០.៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តម្លៃទិន្នផលឧស្សាហកម្ម ក្នុងតំបន់ឧទ្យានបានរួមចំណែកជាង៥០%ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានផ្នែកផែនការគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសខាងលើមានទីតាំង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៧០%នៃគ្រួសារក្នុងតំបន់មានសមាជិកធ្វើការ នៅក្នុងសហគ្រាសនៃតំបន់ពិសេសខាងលើ។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងរោងចក្រផលិតសំបកកង់ ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះ ក្រោមទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក គឺជាគម្រោងវិនិយោគធំបំផុត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោយពីសាងសង់រួច នឹងអាចបង្កើតជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង៕