កត្តាសំខាន់ៗទាំង៣ដែលគួររកស៊ីចូលហ៊ុនគ្នា

ដោយ៖​លក្ខិណា

 

ភ្នំពេញ ៖ មានអាជីវកម្មមួយចំនួនបើកដំណើរការ ដោយការចូលរួមហ៊ុនគ្នា និងមួយចំនួនទៀតចាប់ផ្ដើមដោយហ៊ុនខ្លួនឯងទាំងស្រុង។ តែនៅក្នុងថ្ងៃនេះ យើងនឹងលើកយកនូវហេតុផលមួយចំនួន ដែលគួររកស៊ីចូលហ៊ុនគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ហេតុផលខាងក្រោមនេះ ជាកត្តាដែលអ្នកគួរពិចារណាក្នុងការចូលហ៊ុនគ្នារកស៊ី ៖

 

១. ចាប់ផ្តើមរកស៊ីដំបូងដោយគ្មានបទពិសោធន៍ គ្មានជំនាញរឹងមាំ និងគ្មានដើមទុនគ្រប់គ្រាន់ ។ នេះជាពេលដ៏ល្អមួយសម្រាប់ពិសោធន៍មើលទាំងសមត្ថភាពខ្លួនឯង និងភាពស៊ីសង្វាក់គ្នាជាមួយដៃគូរកស៊ី (compatibility)។

 

ភាគច្រើនបំផុតនៃអាជីវកម្មរបៀបនេះនឹងខាតបង់ ហើយបិទទ្វារទៅវិញក្នុងរយៈពេលមិនយូរ តែការចូលហ៊ុនគ្នានេះអាចជួយបន្ថយទំហំប្រាក់ ដែលត្រូវខាតបង់ អាចពិសោធន៍ទីផ្សារ ដោយចំណាយប្រាក់ផ្ទាល់ខ្លួនតិច និងអាចស្វែងយល់បានថា តើនរណាក្នុងចំណោមដៃគូដ៏ច្រើននោះអាចធ្វើការបន្ត ជាមួយយើងបាននៅក្នុងអាជីវកម្មក្រោយ។

 

២. មានដៃគូល្អដែលអាចធ្វើការជាមួយគ្នាបាន (compatible) និងដែលអាចជួយបង្គ្រប់គ្នាទៅវិញទៅមក។ ដៃគូល្អជាមនុស្សមានជំនាញ ឬលក្ខណៈសម្បត្តិដែលអាជីវកម្មត្រូវការ ហើយជាមនុស្សដែលអាចជួយដឹកនាំពិភាក្សា និងដោះស្រាយបញ្ហានានាដើម្បីឲ្យអាជីវកម្មរីកចម្រើន ដោយឈរលើគោលដៅរួម។

ឧទាហរណ៍ អ្នកពូកែធ្វើទីផ្សារ ដៃគូម្នាក់ពូកែរើស បណ្តុះបណ្តាល និងគ្រប់គ្រងបុគ្គលិក ហើយដៃគូម្នាក់ទៀតពូកែគ្រប់គ្រងហិរញ្ញវត្ថុ និងការងាររដ្ឋបាល។ រកដៃគូល្អពិបាករកជាងគូស្នេហ៍ល្អទៅទៀត ព្រោះអាជីវកម្មពាក់ព័ន្ធច្រើនណាស់ជាមួយលុយ និងផលប្រយោជន៍ ហើយគ្មានកូនចៅជាចំណងមនោសញ្ចេតនាដូចប្តីប្រពន្ធនោះទេ។

 

៣. អាជីវកម្មត្រូវការដើមទុនធំ។ ពេលខ្លះ ទោះជាមិនមានដៃគូល្អក៏ដោយ តែបើចង់សម្រេចគោលដៅវិនិយោគធំៗ គេពិបាកនឹងជៀសផុតពីការកៀរគរទុនពីមនុស្សចម្រុះប្រភេទណាស់។ ដល់ចំណុចមួយដែលអ្នកត្រូវការទុនដើម្បីពង្រីក ឬសង្គ្រោះអាជីវកម្ម ពេលនោះអ្នកប្រហែលជាត្រូវស្វែងរកអ្នកចូលហ៊ុន ឬទិញហ៊ុនដោយជៀសមិនផុត។

 

ធ្វើការជាមួយមនុស្សច្រើនពិតជាមិនស្រួលដូចធ្វើតែឯងនោះទេ ប៉ុន្តែប្រសិនបើគេរៀនចេះធ្វើឲ្យមនុស្សជាច្រើនមានចំណែកក្នុងក្រុមហ៊ុន អ្នកទាំងនោះនឹងផ្តល់មកវិញជាជន្ទល់ហិរញ្ញវត្ថុ និងជាភ្នាក់ងារជួយផ្សព្វផ្សាយឲ្យក្រុមហ៊ុន ។

ការចេញរកស៊ីពេលខ្លះគិតថាងាយស្រួលតែវាមិនដូចអ្វីដែលមនុស្សភាគច្រើនគិតនោះទេ។ ការនិយាយវាពិតជាងាយស្រួលមែន តែអ្វីដែលពិបាក គឺការអនុវត្តតែម្ដង។ អ្វីដែលសំខាន់សម្រាប់អ្នករកស៊ីមិនថាតែចូលរួមពីភាគហ៊ុនច្រើន ឬការរកស៊ីតែម្នាក់ឯងនោះទេគឺហិរញ្ញវត្ថុ បទពិសោធន៍ និងចំណេះដឹង។ ដូច្នេះមុនចេញរកស៊ី សូមគិតពិចារណាឱ្យបានច្រើននោះទើប មិនមានការខាតបង់ទាំងថវិកា និងពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here