គម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាងធំៗចំនួន២ជំរុញកំណើនសេដ្ឋកិច្ច និងលក្ខខណ្ខរស់នៅក្នុងខេត្តតាកែវ

ដោយ៖ សុផារី

តាកែវ៖ គម្រោងអភិវឌ្ឍន៍ចំនួនពីរ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ និងលក្ខខណ្ខរស់នៅកាន់តែប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទាំងពីរនោះ រួមមាន “គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករ ដែលមានចំណូលទាប” និង “គម្រោងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា” ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៩ ខែឧសភា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាស្ថាប័នអនុវត្តគម្រោង ក្រោមកិច្ចសហការ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងទាំងពីរ នឹងត្រូវដាក់ឱ្យអនុវត្តសម្រាប់រយៈពេល១ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ដែលគ្រោងចំណាយថវិកាប្រមាណជាង៨៧ម៉ឺនដុល្លារអាមេរិក។

ពិធីនេះសម្ពោធនេះ មានការចូលរួមពីលោក ហាប់ អូម៉ាលី រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក សុខ សូកាន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងលោក WU Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា។

គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករ ដែលមានចំណូលទាប គ្រោងនឹងអនុវត្តសកម្មភាព ដូចជាសាងសង់ឃ្លាំងស្តុកបន្លែតាមសហគមន៍ចំនួន៣ សាងសង់ជង្រុកស្រូវចំនួន១ ផ្តល់នូវជំនាញធ្វើសាប៊ូ និងជំនាញផ្សេងៗទៀតដល់សហគមន៍ និងគម្រោងផ្សេងៗទៀតជាច្រើន។

ដោយឡែក គម្រោងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា គ្រោងនឹងអនុវត្តសកម្មភាពដូចជា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកបរិសុទ្ធជនបទខ្នាតតូច ដំឡើងប្រព័ន្ធទុយោទឹកប្រវែងសរុបប្រមាណ៣០គីឡូម៉ែត្រ ដើម្បីតភ្ជាប់សហគមន៍ទាំង៤ និងតបណ្ដាញទឹកភ្ជាប់កុងទ័រចូលតាមផ្ទះជូនគ្រួសារក្រីក្រ ៤០០គ្រួសារ និងគម្រោងផ្សេងៗទៀតជាច្រើន។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅតាមដងទន្លេឡានឆាង-មេគង្គទាំង៦ ដែលផ្នែកខាងលើនៃទន្លេហៅថា ទន្លេឡានឆាង និងផ្នែកខាងក្រោមនៃទន្លេហៅថា ទន្លេមេគង្គ ដោយមានគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃបណ្តាប្រទេសក្នុងតំបន់មេគង្គ លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ និងកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាប្រកបដោយសុខសន្តិភាព និងវិបុលភាព។

រដ្ឋាភិបាលចិន បានផ្តល់ថវិកាចំនួន ៣០០លានដុល្លារអាមេរិក តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធុនតូចនិងមធ្យម នៅតាមបណ្តាប្រទេសមេគង្គ ដោយដំណើរការក្នុងឆ្នាំ២០១៦ ក្នុងពេលកម្ពុជាជាសហប្រធាននៃកិច្ចសហប្រតិបត្តិការ។ បច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងសរុបចំនួន៨០ ដែលគម្រោងទាំងនេះបានគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន អប់រំ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ បរិស្ថាន ធនធានទឹក អាកាសចរ វប្បធម៌ ធម្មការ និងសាសនាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here