សហគ្រិនទេសចរណ៍ស្នើរដ្ឋាភិបាលបន្ធូរបន្ថយអត្រាការប្រាក់និងលក្ខខណ្ឌកម្ចីលើគម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ សហគ្រិនក្នុងវិស័យទេសចរណ៍ បានសម្តែងការសាទរចំពោះការប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងនេះក្តី សហគ្រិនបានស្នើឱ្យបន្ធូរបន្ថយអត្រាការប្រាក់ឱ្យទាបជាង៦,៥ភាគរយ និងលក្ខខណ្ឌកម្ចី ដើម្បីឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ទទួលបានឥណទាន និងផលប្រយោជន៍ពីគម្រោងនេះ។

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា គម្រោងហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារតាមរយៈSME Bank និងថវិកាបដិភាគ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារ ដោយផ្តល់អត្រាការប្រាក់៦,៥ភាគរយក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុត រហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើមមានរហូតដល់១២ខែ។

លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា ម្ចាស់សណ្ឋាគារ ទែរូ នៅខេត្តរតនគិរី និងសណ្ឋាគារសូរិយាបូរី នៅកោះទ្រង់ ខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា ករណីពិសេសនេះជួយឱ្យ​អ្នកកម្ចីមានឱកាសរកស៊ីបាន និងមានលទ្ធភាពសងទាំងការ ទាំងដើមដោយស្រួល។

 

លោកស្រីបានឱ្យដឹងថា “ដើម្បីឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ងាយស្រួលទទួលបានកម្ចីនេះ នាងខ្ញុំមានសំណូមពរមួយចំនួនដូចជា សូមធនាគារផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មវិស័យទេសចរណ៍ទូទាំង២៥ខេត្តក្រុងនៅ កម្ពុជាបន្ធូរបន្ថយលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីផ្ដល់លទ្ធភាពឲ្យអាជីវកម្មខ្នាតតូចអាចទទួលបានកម្ចី។ បើអាចធ្វើទៅបាន គួរកុំតម្រូវឲ្យដាក់មានទ្រព្យបញ្ចាំ ហើយបើតម្រូវឲ្យបញ្ចាំគួរទទួលយកប្លង់ទន់ផងដែរ”។

 

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងថា សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ព្រមទាំងក្រុមហ៊ុនទេសចរណ៍ជាច្រើន ដែលបានបិទទ្វារបណ្តោះអាសន្នដោយសាររងផលប៉ះពាល់ពីវិវបត្តិកូវីដ១៩ ដែលត្រៀមខ្លួនបើកដំណើរការអាជីវកម្មឡើងវិញ មានតម្រូវការទុនវិនិយោគធំ សម្រាប់រៀបចំអាជីវកម្មរបស់ពួកគេឱ្យដូចដើមវិញ។ តាមរយៈគម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារនេះ នឹងជួយសម្រួលយ៉ាងច្រើនដល់ម្ចាស់អាជីវកម្មទាំងនោះ។

 

តែយ៉ាងណាមិញ លោកស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាក្នុងការកាត់បន្ថយអត្រាការប្រាក់ឱ្យទាបជាង៦.៥ភាគរយ និងរយៈពេលនៃការសងត្រឡប់យ៉ាងហោចណាស់ពី១០ទៅ១៥ឆ្នាំ។

 

ជាងនេះទៅទៀតនោះ លោកចង់ឱ្យធនាគារដែលផ្តល់កម្ចីតាមរយៈគម្រោងនេះ បន្ធូបន្ថយទ្រព្យបញ្ចាំ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រោះក្នុងរយៈពេល២ឆ្នាំនេះ អាជីវកម្មក្នុងវិស័យទេសចរណ៍ស្ទើរតែមិនទទួលបានចំណូលនោះទេ ដើម្បីឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ទទួលបានថវិកា និងផលប្រយោជន៍ពីគម្រោងនេះ។

លោកបន្ថែមថា “ចំពោះការប្រាក់៦,៥ភាគរយក្នុងមួយឆ្នាំ សម្រាប់ខ្ញុំបើយើងធៀបជាមួយធនាគារពាណិជ្ជដទៃទៀត ខ្ញុំគិតថាប្រហាក់ប្រហែល និងក្រោមតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែបើសិនជារដ្ឋាភិបាលអាចពិចារណាដំបូងៗនេះ អាចថាការប្រាក់រវាងពី៣ទៅ៥ភាគរយនោះ គឺជាការល្អមែនទែន”។

 

លោកបន្តថា “ដូចគ្នានឹងរយៈពេលដែរ បើសិនជារដ្ឋាភិបាលអាចពិចារណាក្នុងរយៈពេលវែងបាន ព្រោះ៧ឆ្នាំតិចណាស់ ព្រោះយើងក៏មិនទាន់ដឹងថាតើវាមានអ្វីកើតឡើងក្នុងពេលខាងមុខទៀតទេ ដូច្នេះរដ្ឋាភិបាលគួរពិចារណាឡើងវិញក្នុងការពន្យាពេលចន្លោះពី១០ទៅ២០ឆ្នាំ ឬពី១០ទៅ១៥ឆ្នាំ ខ្ញុំគិតថាអាចជួយបានច្រើនព្រោះគ្នាទម្រាំតែរៀបចំសារដើមឡើងវិញ”។

 

ក្រសួងទេសចរណ៍បានឱ្យដឹងថា មុននឹងការមកដល់នូវវិបត្តិនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងឆ្នាំ២០១៩បានផ្តល់នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ៤.៩១៩លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ៤,៤ភាគរយនៃផសស។

 

ក្នុងអំឡុងឆ្នាំ២០២០ និង ឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ និងបានបណ្តាលឱ្យ សហគ្រាសជាច្រើននៅក្នុងវិស័យនេះកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here