SME ចុះបញ្ញីស្របច្បាប់មានត្រឹមតែជាងពីរម៉ឺនក្នុងចំណោមសហគ្រាស ជាង៥០ម៉ឺនទីតាំង

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោករដ្ឋមន្រ្តីរដ្ឋមន្រ្តី ចម ប្រសិទ្ឋ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា តាមការសម្រង់ស្ថិតិសហគ្រាសមីក្រូធនតូចនិងមធ្យមនៅកម្ពុជា មានប្រមាណជាង៥សែនមូលដ្ឋាន ដ្ឋាននៅកម្ពុជា។

SME ផ្នែកផលិតចំណីអាហារ មានរាប់ម៉ឺនមូលដ្ឋានផងដែរ  ក៏ប៉ុន្តែការចុះបញ្ញីទទួលស្គាល់ តាមច្បាប់ទើបបានជាង២ម៉ឺនមូលដ្ឋាន នៃអាជីវកម្មសរុបប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព៌តមានដែលបានបង្ហាញ នៅលើផេករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដឹកនាំដោយលោក មេវ សុខទ្រី ប្រធានសមាគម នៅទីស្តីការក្រសួង លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឲ្យសមាគមជួយគៀងគរ ឲ្យបានសមាជិកច្រើនថែមទៀត ជាមួយនឹងការមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ពីព្រោះបច្ចុប្បន្នត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលជាងមុនច្រើនណាស់។

លោកបានបន្តថា “ផលប្រយោជន៍នៃការចូលជាសមាជិកសមាគម គឺក្រៅពីងាយស្រួលលើការងារីគ្រប់គ្រង គឺយើងបានចែករំលែកនូវព័ត៌មានទីផ្សារ ការងារបណ្តុះបណ្តាល ហើយសមាគមមានសិទ្ធអំណាចតវាជាសមូហភាព សម្រាប់ផលប្រយោជន៍ក្រុមរបស់ខ្លួន ជាមួយរដ្ឋាភិបាលផងដែរ”។

ជាមួយគ្នានេះ លោកបានលើកឡើងថា ប្រជាពលរដ្ឋនៅមានខ្វះខាតការយល់ដឹង នៃការផលិតចំណីអាហារឲ្យស្របតាមស្តង់ដារ អនាម័យ រួមទាំងអ្នកប្រើប្រាស់ គឺការយល់ដឹងក៏នៅមានកំរិត ពីសុវត្ថិភាពចំណីអាហារផងដែរ ពីព្រោះផលិតផលខ្លះពេលហូបរាល់ថ្ងៃទៅ នឹងធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ទាំងរយៈពេលខ្លី និងរយៈពេលវែង។

លោកបន្តថា ដូច្នេះការងារបណ្តុះបណ្តាល ស្វែងយល់ពីស្តង់ដារអនាម័យ ការវេចខ្ចប់ ការស្តុកទុក ជាការចាំបាច់ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាទីផ្សារផលិតផលរបស់យើងបានយូរអង្វែង និងមានលទ្ធភាពអាចប្រកួតប្រជែងសម្រាប់ការនាំចេញទៀតផង។

នៅក្នុងជំនួបនេះ លោកប្រធានសមាគម បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា ផ្តួចផ្តើមបង្កើតឡើងជាសមាគមពាណិជ្ជកម្មមិនស្វែងរកប្រាក់ចំណេញ និងជានីតិបុគ្គលពេញលក្ខណៈ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយប្រកាសក្រសួងមហាផ្ទៃ នាខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នសមាគមមានសមាជិកចូលរួមជាង ៥០មូលដ្ឋានអាជីវកម្ម។

ជាមួយគ្នានោះ លោកក៏បានលើកពីការជួបបញ្ហា និងកត្តារាំងស្ទះមួយចំនួន ដែលមិនមែនជាបញ្ហារាំងស្ទះ ខ្សែសង្វាក់ផលិតកម្មនោះទេ តែបញ្ហា និងកត្តារាំងស្ទះទាំងអស់នោះ ជាការអនុវត្តតាមបញ្ញតិកម្ម បទដ្ឋានគតិយុត្ត នីតិវិធី ស្តង់ដារ បច្ចេកទេស និងភាពអនុលោម ដោយតម្រូវដោយផ្នែកសាធារណៈ ហើយការងារនេះមានការទាក់ទងនិង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលខាងសមាគម មិនទាន់មានការយល់ដឹងគ្រប់ជ្រង់ជ្រោយ ដែលត្រូវការមានការពិគ្រោះយោបល់ ការណែនាំ និងបណ្តុះបណ្តាលបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here