ដោយៈម៉ាណេត
ភ្នំពេញៈសភាផាត់ទាត់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីជួយសម្រួល ដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។
ប្រព័ន្ធផាត់ទាត់ជាតិដំណើរការ ដោយសភាផាត់ទាត់ជាតិដែលមានទីតាំង នៅក្នុងធនាគារជាតិនៃកម្ពុជា ។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹង សុវត្ថិភាពប្រព័ន្ធស្រប ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹង សមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។
ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់ អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក ។
ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់ទីតាំងសម្រាប់ ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ មូលប្បទានបត្ររូបវន្តផងដែរ។ ក្រៅពីមណ្ឌលដោះដូរមូលប្បទានបត្រ ដែលមានទីតាំងនៅសភាភាត់ទាត់ជាតិ បច្ចុប្បន្នធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលដោះដូរមូលប្បទានបត្រ ៦កន្លែងទៀតនៅតាមបណ្តា សាខាធនាគារជាតិនៃកម្ពុជា គឺ ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ៕