ដោយ៖ សុផារី
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់៥,១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦,២%។
នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីលទ្ធផលនៃការវាយតម្លៃបឋម លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា របស់ក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។
លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% ដូចគ្នានឹងការព្យាករកាលពីខែមុន ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ ខណៈដែលហានិភ័យមួយចំនួន អាចនឹងប៉ះពាល់ដល់កំណើននេះ រួមមាន ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។
ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ។
លោករ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារសំខាន់នៃបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដូចជា វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាននិងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលលើបណ្តាប្រទេសនានាក្នុងសកលលោក ។
លោកក៏បានស្នើឲ្យក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួន៣ សម្រាប់ក្រុមការងារបេសកកម្ម Article IV ដែលគ្រោងនឹងរៀបចំ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមមាន៖
១. ការកើនឡើងនៃអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស លើវិស័យកសិកម្ម
២. បញ្ហានៃការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទានក្នុងវិស័យឯកជន និងហានិភ័យលើសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យ សំណង់ និងអចលនទ្រព្យ
និង៣. ការពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕