ភ្នំពេញ ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២៖ បុគ្គលិករបស់ ធនាគារ ហត្ថា ប្រមាណជាង១០០នាក់មកពីការិយាល័យកណ្តាល និងសាខានានាស្ថិតក្នុងរាជធានីភ្នំពេញ បានរួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ”។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅធនាគារ ហត្ថា សាខាចំការមន ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា សរុបប្រមាណជា ១៥០នាក់។
ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា ក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។
លោក លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយឃើញបុគ្គលិក ធនាគារ ហត្ថា បានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារធនាគារ ហត្ថា បានរួមគ្នាស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះនឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា ពីព្រោះមជ្ឈមណ្ឌលនឹងផ្តល់ឈាមជូនអ្នកជំងឺភ្លាមៗប្រសិនបើគាត់ត្រូវការបន្ទាន់ និងចាំបាច់ដោយមិនតម្រូវឱ្យរកមនុស្សមកបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ“ ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា “គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា ពិតជាមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ដែលបានរៀបចំកម្មវិធី ទំនួលខុសត្រូវសង្គម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ” ដែលរៀបចំដោយធនាគារ ហត្ថា និងមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន ជាអនុប្រធានមជ្ឈមណ្ឌល”។ លោកបន្តថា “កម្មវិធីខាងលើនេះគឺ ផ្តោតសំខាន់លើការលើកកម្ពស់សុខមាលភាពសង្គម ព្រមទាំងកាត់បន្ថយអត្រាបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាដោយសារកង្វះខាតឈាមនៅពេលមានតម្រូវការ”។ ជាចុងក្រោយ លោកជឿជាក់ថាសកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត។
សូមបញ្ជាក់ថា ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ៩០.០០០នាក់។ ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។