ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជា និងស្រីលង្កាបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរបានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗ រួមមាន ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ជាដើម។
ការចុះអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឆាមីនដា អ៊ី. ខូឡូនណេ (Chaminda I. Colonne) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភានេះ។
កម្ពុជា-ស្រីលង្កាក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរកាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា ហើយប្រជាជនកម្ពុជាក៏និយមធ្វើទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ទៅកាន់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌាផងដែរ។
កម្លងមក កម្ពុជាធ្លាប់មានបទពិសោធន៍រួចហើយក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពុទ្ធសាសនា (Buddhist Tourism) នេះ ដោយកាលពីពេលកន្លងទៅ កម្ពុជាបានសហការជាមួយឥណ្ឌូណេស៉ី ឡាវ មីយ៉ាន់ម៉ា ថៃជាដើម រៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ម្តងរួចមកហើយកាលពីឆ្នាំ២០១១ នៅប្រាសាទអង្គរវត្ត។
ភាគីទាំងពីរក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់ព្រះសង្ឃ គ្រឹះស្ថានឧត្តមសិក្សា ពុទ្ធសាសនបណ្ឌិត្យនៃប្រទេសកម្ពុជា និងស្រីលង្កាទៅវិញទៅមកនាពេលអនាគត។
ភាគីកម្ពុជា-ស្រីលង្កាក៏បានពិភាក្សាគ្នាលើការជំរុញឱ្យមានការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាមួយគ្នាឱ្យបានច្រើនដែរ ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរទៅវិញទៅមក និងភ្ញៀវទេសចរប្រទេសទី៣។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កាទៀតថា បច្ចុប្បន្នកំពុងសហការជាមួយក្រសួងធម្មការ និងសាសនាជំរុញឡើងវិញនូវការអនុវត្តផែនការរៀបចំវត្តទេសចរណ៍គំរូនៅទូទាំងប្រទេស ដោយក្នុងខេត្តនីមួយៗត្រូវមានវត្តទេសចរណ៍គំរូយ៉ាងតិច២វត្ត ដើម្បីបង្កើនផលិតផលទេសចរណ៍ចូលរួមទាក់ទាញចលនាទេសចរជាតិ-អន្តរជាតិបន្ថែម។
លោករដ្ឋមន្ត្រី បានលើកយោបល់ ទៅកាន់ភាគីស្រីលង្កា ពាក់ព័ន្ធនឹងការជំរុញឱ្យមានការហោះហើរត្រង់ កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្នប្រទេសទាំងពីរមិនទាន់ការហោះហើរត្រង់នៅឡើយទេ ពោលភ្ញៀវត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៊ី ឬសិង្ហបុរីជាមុនសិន ទើបបន្តមកដល់កម្ពុជាតាមក្រោយ។
ភាគីកម្ពុជា-ស្រីលង្កាក៏បានពិភាក្សាគ្នាលើការជំរុញឱ្យមានការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាមួយគ្នាឱ្យបានច្រើនដែរ ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរទៅវិញទៅមក និងភ្ញៀវទេសចរប្រទេសទី៣៕