តើរថយន្តអគ្គិសនីមានសារៈសំខាន់ដូចម្តេច ក្នុងទិដ្ឋភាពសេដ្ឋកិច្ច​ និងបរិស្ថាន

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានស្នើទៅទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង តាមបណ្ដារាជធានី-ខេត្តនានា ខណៈអ្នកជំនាញមើលឃើញថា វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាក្នុងការបង្កើនការសាងសង់ស្ថានីយសាកថ្ម ដើម្បីជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើកឡើងក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព​​​​ ការងារទាក់ទងនឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើង វិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ និងការងារត្រៀមរៀបចំសន្និបាតក្រសួង លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា ការបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំងនេះ ទីតាំងទី១ ស្ថិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតស្ថិត នៅតាមបណ្ដារាជធានី-ខេត្តនានា ។

លោកបន្តថា “ការបង្កើតស្ថានីយ៍សាកថ្មនេះ ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្ត ដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខនិងជាការបង្ហាញថា ក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី”។

តាមរយៈរបាយការណ៍របស់ក្រសួង ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ យានយន្តដែលបានចុះបញ្ជីនៅកម្ពុជាបានកើនឡើងដល់៦លានគ្រឿង ក្នុងនោះរថយន្តបានកើនឡើងដល់ជាង៩២ ម៉ឺនគ្រឿង និងចំនួនម៉ូតូកើនឡើងដល់ ៥,២លានគ្រឿង។

ដោយឡែក បើយោងតាមរបាយការណ៍ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា (UNDP Cambodia) ចំនួនយានយន្តដែលបានចុះបញ្ជី ជាពិសេសនៅនៅក្នុងទីក្រុងភ្នំពេញ បានកើនឡើងប្រហែល ៧,៤ភាគរយ ជារៀងរាល់ឆ្នាំចន្លោះឆ្នាំ ២០០៧ និង ២០១៧។ យានយន្តជាង៨០ភាគរយជាប្រភេទជជុះ និងខ្វះបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នពុល។

អ្នកជំនាញយល់ថា វាជាពេលដែលកម្ពុជា ត្រូវជំរុញការផ្លាស់ប្តូរទៅប្រើយានយន្តអគ្គិសនី ដើម្បីបញ្ចៀសវិបត្តិបំពុលខ្យល់។ អ្នកជំនាញបានព្រមានថា បច្ចុប្បន្ននេះ វាជាពេលដែលកម្ពុជា ត្រូវជំរុញការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី (Electric Vehicles) ដែលមធ្យោបាយនេះមិនត្រឹមតែកាត់បន្ថយ ការបំពុលបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុផងដែរ។

យោងតាមរបាយការណ៍ឆ្នាំ ២០១៩ របស់ស្ថាប័នតាមដានស្ថានភាពខ្យល់ពិភពលោក (State of Global Air) គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងការវាយតម្លៃថា មិនមានសុវត្ថិភាពនៅក្នុងកម្រិតមធ្យម។ ដោយផ្អែកតាមអង្គការសុខភាពពិភពលោក (WHO) ស្តង់ដាណែនាំគុណភាពខ្យល់ PM2.5 នៃភាគល្អិតនិចល មានកម្រិតអតិបរមាត្រឹម១០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (µg/m3)។ ប៉ុន្តែនៅកម្ពុជា PM2.5 មានកម្រិតរហូតដល់ ២២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m3)ឯណោះ។

លោក ជូ កុសល អ្នកស្រាវជ្រាវផ្នែករថយន្តអគ្គិសនី នៃវិទ្យាស្ថានប ច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទៅរកការដឹកជញ្ជូន ដែលមានការបំភាយឧស្ម័នទាបបន្ថែមទៀត ដូចជា ការប្រើរថយន្តអគ្គិសនី និងបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយផលប៉ះពាល់សុខភាព។

លោកបានកត់សម្គាល់ថា វាជារឿងសំខាន់ ដែលរដ្ឋាភិបាលត្រូវដឹកនាំក្នុងការបង្កើតស្ថានីយ៍សាកថ្ម ដើម្បីធ្វើយ៉ាងណាគាំទ្រអ្នកប្រើប្រាស់យានយន្តអគ្គិសនី ដោយសារចំនួនអ្នកប្រើបច្ចុប្បន្ន នៅមានកម្រិតទាបនៅឡើយ​។ លោកថា “ខ្ញុំគិតថា វានៅតែជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនឯកជន ក្នុងការដំណើរការស្ថានីយ៍សាកថ្ម ដើម្បីទទួលបានប្រាក់ចំណេញ។ ទោះជាយ៉ាងនេះក្តី ការសាងសង់ស្ថានីយ៍សាកថ្មជាច្រើន នៅកណ្តាលផ្លូវជាតិសំខាន់ៗ មិនសូវចំណាយច្រើនទេសម្រាប់រដ្ឋាភិបាល”។

លោកស្រី Melissa Liu អ្នកគ្រប់គ្រងប្រចាំប្រទេស របស់អង្គការ Energy Lab Cambodia បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសក្នុងស្រុកមួយថា លោកស្រីសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាកាន់តែចាប់អារម្មណ៍លើរថយន្តអគ្គិសនី ស្របពេលដែលតម្លៃយានយន្តប្រភេទធ្លាក់ចុះ ហើយពួកគេចាប់ផ្តើមយល់ដឹង និងខ្វាយខ្វល់ពីបរិស្ថានដូចគ្នា។

លោកស្រីបន្តថា “យើងមើលឃើញមនុស្សកាន់តែច្រើន បានចាប់អារម្មណ៍ និងចង់ប្រើយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ដោយសារតម្លៃយានយន្តនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែបច្ចេកវិទ្យានៃអាគុយកាន់តែប្រសើរឡើង”។ លោកស្រីបន្តថា “ការចំណាយលើការដំណើរការកាន់តែមានតម្លៃថោក បើប្រៀបធៀបនឹងយានជំនិះប្រើសាំង។ យានយន្តទាំងនេះ កំពុងក្លាយជាជម្រើសដ៏ពេញនិយមមួយ”។

លោកស្រីបានបន្ថែមថា មនុស្សជាច្រើន ក៏មានការព្រួយបារម្ភអំពីការបំពុលបរិយាកាសចេញពីយានជំនិះ ដែលបញ្ហានេះមានឡើយពេលប្រើប្រាស់យានយន្តអគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here