តើកត្តាអ្វីខ្លះឱ្យអាជីវកម្មតូចៗមានបញ្ហាលំហូរសាច់ប្រាក់?

 ដោយៈលក្ខិណា

ភ្នំពេញៈ លំហូរសាច់ប្រាក់ក្នុងអាជីវកម្ម ប្រៀបដូចជាចរន្តឈាមនៃអាជី​វកម្មទាំងមូលអ៊ីចឹងដែរ ប្រសិនបើវាមានសញ្ញាវិជ្ជមាន នោះអាជីវកម្មមានការវិវឌ្ឍល្អ ប៉ុន្តែបើវាមានបញ្ហាឬកកស្ទះសាច់ប្រាក់ នោះអាជីវកម្មទាំងមូល ក៏មានបញ្ហាដូចគ្នា។

បញ្ហាលំហូរសាច់ប្រាក់នេះ ភាគច្រើនកើតចំពោះអាជីវកម្មតូចៗ ដោយសារមិនទាន់មានរចនាសម្ព័ន្ធការងារ និងការរៀបចំច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្ងៃនេះយើងនឹងលើកយកខ្លឹម ពីក្រុមអ្នកស្រាវជ្រាវសហគ្រិនខ្មែរ ពីកត្តាចំនួន៤ ដែលធ្វើឱ្យអាជីវកម្មតូចៗភាគច្រើន មានបញ្ហាលំហូរសាច់ប្រាក់។

១. ការព្យាករណ៍ហិរញ្ញវត្ថុ

ការព្យាករណ៍ហិរញ្ញវត្ថុ ធ្វើឱ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលស្វែងយល់ពីលទ្ធភាព ប្រើប្រាស់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការ ឬគម្រោងនីមួយៗ ហើយវាក៏មានឥទ្ធិពល លើលំហូរសាច់ប្រាក់របស់អាជីវកម្មផងដែរ។ ក្នុងករណី ការព្យាករណ៍មានភាពខ្វះចន្លោះ នោះលំហូរសាច់ប្រាក់នៃអាជីវកម្មក៏មានបញ្ហា ដោយសារការប្រើប្រាស់ហិរញ្ញវត្ថុមិនចំគោលដៅ ឬប្រើលើសសមត្ថភាព។ បញ្ហាទាំងនោះ អាចបណ្ដាលមកពីម្ចាស់អាជីវកម្មមិនបានជួលអ្នកជំនាញហិរញ្ញវត្ថុច្បាស់លាស់ ឲ្យធ្វើការព្យាករណ៍ ឬធ្វើខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ។

២. បញ្ហាផ្នែកគណនេយ្យ

គណនេយ្យជាផ្នែកសំខាន់មួយ សម្រាប់អាជីវកម្មគ្រប់ទម្រង់ ដោយវាកត់ត្រាទិន្នន័យនៃធនធានអាជីវកម្ម ទាំងបំណុល ធនធាន ការបង់ពន្ធ ចំណូល និងលំហូរសាច់ប្រាក់។ វាក៏បង្ហាញពីស្ថានភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្ត ជាពិសេសការប្រើប្រាស់លុយកាក់។ បើផ្នែកគណនេយ្យមានបញ្ហាណាមួយដូចជា ការបញ្ចូលទិន្នន័យមានភាពខ្វះចន្លោះមិនជាក់លាក់ នោះម្ចាស់អាជីវកម្មមិនដឹងថា គួរប្រើប្រាស់ប៉ុនណាឱ្យត្រឹមត្រូវ ដែលជាបញ្ហាចម្បងនៃបញ្ហាលំហូរសាច់ប្រាក់។

៣. ការគ្រប់គ្រងស្តុក

ការគ្រប់គ្រងស្តុក ជាការធ្វើការបញ្ជទិញទំនិញផ្សេងៗ សម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើអ្នកទិញច្រើនជាងតម្រូវការនោះ អ្នកនឹងអស់ប្រាក់ចំណាយលើផ្នែកផ្សេងទៀត ប៉ុន្តែបើអ្នកចំណាយតិចជាងតម្រូវការនោះ អ្នកមិនអាចបំពេញតម្រូវការបានទាន់ពេល ដែលប៉ះពាល់ដល់អារម្មណ៍អតិថិជន។ ដូច្នេះការបញ្ជាទិញឱ្យត្រូវតាមតម្រូវការរបស់អតិថិជន ជាផ្នែកសំខាន់មួយរបស់អាជីវកម្មតូចៗផងដែរ ដោយសារពួកគាត់មិនមានធនធានគ្រប់គ្រាន់សម្រាប់ស្តុកអីវ៉ាន់ច្រើន។

ក្នុងករណីការគ្រប់គ្រងស្តុកមានបញ្ហានោះ ច្បាស់ណាស់ថាលំហូរសាច់ប្រាក់នឹងមានបញ្ហាដូចគ្នា ដោយសារទំនិញក្នុងស្ដុកមិនអាចប្រើប្រាស់បាន ហើយមិនមានប្រាក់ទិញទំនិញបន្ថែម។

៤. មិនមានកញ្ចប់ថវិកាបម្រុង

ជាធម្មតា អាជីវកម្មតូចៗមិនសូវមានប្រាក់បម្រុង សំរាប់ប្រើប្រាស់ពេលមានបញ្ហាបន្ទាន់នោះទេ ដោយសារដើមទុនតិច ហើយត្រូវប្រើលើសកម្មភាពជាអាទិភាពអស់។ ពេលមានបញ្ហាណាមួយដូចជាម៉ូយ ជំពាក់ថ្លៃទំនិញ ឬទំនិញចាស់លក់មិនចេញ ក៏បង្កើតជាបញ្ហាកកស្ទះ ដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មទាំងមូល ឲ្យដំណើរការយឺត ឬមិនរីកចម្រើន។

បញ្ហាទាំង ៤ ខាងលើនេះ ជាបញ្ហាដែលអាជីវកម្មខ្នាតតូចៗភាគច្រើនជួបប្រទះ តែមានបញ្ហាផ្សេងទៀតជាច្រើន ដែលអាចបង្កជាបញ្ហាដល់លំហូរសាច់ប្រាក់ ដែលអ្នកអាចស្វែងយល់ តាមរយៈការស្រាវជ្រាវបន្ថែម បើអ្នកមានបំណងចាប់ផ្ដើមអាជីវកម្ម។ យើងសង្ឃឹមថា ការចែករំលែកនេះនឹងជាចំណេះដឹងមូលដ្ឋានខ្លះ ដើម្បីជួយអ្នកក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here