ខេត្តតំបន់ឆ្នេរ និងខេត្តភាគពាយព្យចំនួន៦ ជាគោលដៅទេសចរណ៍ពេញនិយមបំផុត នាចុងសប្តាហ៍កន្លងមក

ដោយ៖ សុផារី

ភ្នំពេញ៖ ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តតំបន់ឆ្នេរចំនួន៣ខេត្ត រួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន ៦០.៧៤១នាក់ ខេត្តកំពត ៤១.៣៦៤នាក់ និងខេត្តកែប ២៦.៩២៦នាក់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក គោលដៅភាគពាយព្យនៃប្រទេស ដែលទទួលបានការពេញនិយមផងដែរនោះ រួមមាន ខេត្តបាត់ដំបង៣៨.១១២នាក់ ខេត្តសៀមរាប២៥.៤១៣នាក់ និងខេត្តពោធិ៍សាត់១៧.០៤៤នាក់។

បើតាមទិន្នន័យក្រសួងទេសចរណ៍ដដែល នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤.០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦.០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨.០៣៩នាក់។

លោក ថោង ខុន បានឱ្យដឹងថា ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមក នៅតែមានចំនួនច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។

សរុបរយៈពេល២សប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ភ្ញៀសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលអំឡុងពេល៣ថ្ងៃចូលឆ្នាំនិង ថ្ងៃអាទិត្យ ភ្ញៀវសរុបមានចំនួនប្រមាណ៥,១៧លាននាក់ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here