ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងទេសចរណ៍បានឱ្យដឹងថា ទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្ត សប្បាយច្រើនទៀត ដោយនៅថ្ងៃទី២៣-២៤ ខែមេសានៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបជាង៣២ម៉ឺននាក់។
ក្រសួងទេសចរណ៍ បានចេញផ្សាយរបាយការណ៍ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣២៧.២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១.៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥.៧១៩នាក់។
លោកថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើន ធៀបនឹងចុងសប្តាហ៍ធម្មតា ដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
លោកបន្តថា “បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានា រហូតដល់ចុងសប្តាហ៍នេះ”។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “ភាគច្រើននៃភ្ញៀវក្នុងសប្តាហ៍នេះ គឺជាភ្ញៀវក្នុងរាជធានីខេត្តនីមួយៗផ្ទាល់ ដោយប្រជាពលរដ្ឋភាគច្រើនបានដើរកម្សាន្តតាមបណ្តាខេត្តរួចហើយ កាលពីឱកាសពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកភ្នំពេញដែលខកខាន មិនបានដើរលេងនាឱកាសចូលឆ្នាំ ដោយសារពួកគាត់មិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម”។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៤.៨៣៨នាក់ ខេត្តបាត់ដំបង ៤១.៦៦៧នាក់ ខេត្តពោធិ៍សាត់ ៣០.៩៦០នាក់ រាជធានីភ្នំពេញ ៣០.៨៩៥នាក់ ខេត្តកំពត ២៦.៦៤៤នាក់ ខេត្តកែប ២៥.២៨៥នាក់ និងខេត្តសៀមរាប ២២.៦៩៣នាក់៕