ដោយ៖ សុផារី
ភ្នំពេញ ៖ នៅក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី២០មេសា ២០២២នេះ បានអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលសេចក្ដីព្រាងច្បាប់នេះដែរ នឹងផ្ដល់ជាប្រយោជន៍ដល់ប្រជាកសិករទូទៅ ក្រុមហ៊ុនឯកជនកសិកម្មនានា ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ បង្កើតឡើង រៀបចំឡើងដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និង ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤នេះបានឱ្យដឹងថា ច្បាប់នេះដែរ បានគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិត កម្មកសិកម្ម ពិពិធភាវូបនីយ កម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ។
ច្បាប់នេះក៏រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្ក ផលប៉ះពាល់ចំពោះសុខភាព ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពានដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា ។
លើសពីនេះទៅទៀត ច្បាប់នេះក៏បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យ ដោយមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌ អាស៊ានជាដើម និងការពារបានជាដាច់ខាតពីការចាត់ទុកព្រះរាជាណាចក្រកម្ពុជាពីសហគមន៍អន្តរជាតិថា ជាជម្រក ឬសម្បុកសមាសភាពចង្រៃលើដំណាំគ្រប់ប្រភេទ ដែលមិនអនុញ្ញាតឱ្យផលិតផលមានដើមកំណើតពីរុក្ខជាតិពីកម្ពុជា ចូលទីផ្សារក្នុងដែនដីប្រទេសរបស់ពួកគេ។
ជាពិសេស ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចា បើកទីផ្សារនាំចេញកសិផលកម្ពុជា ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី និងជួយសម្រួលការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវទំនិញជារុក្ខជាតិ និងផលិតផលរុក្ខជាតិនានា៕