សម្តេចតេជោលើកទឹកចិត្តពង្រីកសហគមន៍ ”ទេសចរណ៍ផ្សារភ្ជាប់ទឹកដី” ដើម្បីបន្ថែមចំណូលដល់ពលរដ្ឋ

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ ឱ្យក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ពង្រីក “សហគមន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី” ឱ្យបានគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅរួមចំណែកផ្តល់ចំណូល ដល់ប្រជាពលរដ្ឋមូលដ្ឋាន។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចថ្លែងថា សម្តេចសង្គេតឃើញមានការបង្គើតនូវសហគមន៍ទេសចរណ៍ គួបផ្សំជាមួយផ្នែកបរិស្ថាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ថ្លែងក្នុងសម្តីដើមដូច្នេះ “ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើង ធ្វើទេសចរដែលផ្សារភ្ជាប់ជាមួយទឹកដី ការស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាក់ទាញយកលុយ ជាជាងកាប់ឈើ ជាជាងបាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន”។

សម្តេចតេជោក៏បានលើកសរសើរខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបងជាដើម បានទាក់ទាញភ្ញៀវទេសចរខ្លាំង ក្លាយជាខេត្តទី១ មានភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើនជាងគេក្នុងថ្ងៃចូលឆ្នាំខ្មែរ បន្ទាប់មកខេត្តកំពង់ចាម និងទី៣គឺខេត្តសៀមរាប។

សម្តេចបានលើកឡើង ចំណុចខ្លាំងមួយទៀត គឺអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ មេភូមិជាដើម បានយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់របស់ខ្លួន ព្រមទាំងផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលកត្តាទាំងនេះ ជាចំណុចពិសេស ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here