ដោយ៖ សុផារី
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន៥,១៧លាននាក់បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ។
តាមរយៈស្ថិតិរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមថវិកាជាង២៧៥លានដុល្លារ ដែលត្រូវបានចំណាយនោះ មានចំណាយទេសចរជាតិប្រមាណ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ។
បើតាមលោករដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី១យប់ (Overnight visitors) ស្មើនឹង៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ២៨% ជាក្រុម៥% និងបុគ្គល៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង៦០%។
ទេសចរស្នាក់នៅចាប់ពី១យប់ (Overnight visitors) ចំណាយសរុបប្រមាណ១៨៦លានដុល្លារ ដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង៤០២ដុល្លារ/trip។ ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង៧៣៥ដុល្លារ/trip។ ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង១០៨ដុល្លារ/trip)។ រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ២៤ដុល្លារ/ថ្ងៃ)។
ទន្ទឹមនេះ លោក ថោង ខុន បានបន្តថា ក៏សង្កេតឃើញខេត្ត ដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ) ខេត្តព្រះសីហនុ (៤៨លានដុល្លារ) ខេត្តបាត់ដំបង (៣១លានដុល្លារ) ខេត្តសៀមរាប (៣០លានដុល្លារ)។
លោកបានបញ្ជាក់ថា ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)៕