ដោយៈ ម៉ាលីនណា
ភ្នំពេញៈ បុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តទូទាំងប្រទេស។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងនាព្រឹកថ្ងៃទី១៨ មេសានេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។
ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖
*ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់
*ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់
* ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់
* ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់
* ខេត្តកំពង់ចាម ៥៤១.៩០០ នាក់
* ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់
* ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់
* ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់
* ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់
* ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់
* ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់
* ខេត្តកំពត ២៨៤.៨៩៣ នាក់
* ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់
* រាជធានីភ្នំពេញ ២៤០.៤៦០ នាក់
លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។
លោកបន្តថា “ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន”។
ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។
ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើន បានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
លោកថោង ខុនបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេក ចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។
លោកបន្តថា “ការជឿជាក់លើភាពស៊ាំសហគមន៍ តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់”។ លោកបន្តថា ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយ ដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ៕