ធនាគារហត្ថានិងក្រុមហ៊ុនខេមឡៃហ្វចុះ MOU លើកកម្ពស់កិច្ចការពារហិរញ្ញវត្ថុដល់អតិថិជន

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារ ហត្ថា ម.ក និងខេមឡៃហ្វ ម.ក នៅថ្ងៃទី៦ ខែមេសានេះ បានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា និងសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជា អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។

លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា “បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាល៣ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវនូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវាដោយផ្ទាល់ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈសាខាទាំង១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្តខ្ពស់”។

លោកបន្តថា “នៅថ្ងៃនេះ យើងនឹងពាំនាំនូវការផ្តល់ជូនថ្មីបន្ថែមទៀត សម្រាប់អតិថិជនរបស់យើងក្នុងការទទួលបាននូវជម្រើសកាន់តែប្រសើរ និងកក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈ ធនាគារ ហត្ថា និងខេមឡៃហ្វ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រងគឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយពីសំណាក់អ្នកជំនាញក្នុងការទទួលបាននូវការការពារ និងធានាបាននូវភាពជោគជ័យប្រកបដោយស្ថិរភាពគ្រប់កាលៈទេសៈយ៉ាងល្អប្រសើរទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារ”។

លោក Johnson Chai អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ មានប្រសាសន៍ថា “យើងមានសេចក្ដីសោមនស្សរីករាយក្រៃលែងដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មីរបស់ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារ ដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណង ដើម្បីឱ្យពួកគាត់រស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្តដោយដឹងថា ក្រុមហ៊ុន ខេមឡៃហ្វ តែងតែការពារពួកគាត់គ្រប់ពេលវេលា”។

លោកបន្តថា “ដើម្បីបំពេញតាមការសន្យារបស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វនឹងសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់អតិថិជន ដើម្បីធ្វើការបម្រើសេវាឱ្យបានចំគោលដៅកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែបនៃបណ្តាញចែកចាយក៏ដូចជាបង្កើនចំនួនអតិថិជនសម្រាប់ស្ថាប័នរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here