ដោយ៖ សុផារី
ភ្នំពេញ៖ ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពលសំខាន់ៗបីបន្តទៀត ដូចជាទី១ វិនិយោគលើវិស័យធនធានមនុស្ស ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
នេះបើតាមលោកស្រីប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះ លោកស្រី ប៉ូលីន ថាំមីស៊ីស បានគោរពវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងនូវ “យុទ្ធសាស្ត្រផ្ការីក” ដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។

សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោកស្រីប៉ូលីន និងថ្លែងអំណរគុណចំពោះប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា ហើយសម្តេចតេជោក៏បានជូនពរចំពោះលោកស្រីប៉ូលីន ឱ្យទទួលបាននូវភាពជោគជ័យលើរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕







