លំហូរទេសចរចិនចូលមកកម្ពុជាបន្តធ្លាក់ចុះ ខណៈទេសចរអាស៊ានកើនឡើងតិចតួចនៅដើមឆ្នាំ២០២២នេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើមឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាបានរើបឡើងវិញបន្តិចហើយ ប៉ុន្តែភ្ញៀវទេសចរចិន ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់លេខ១ ជាភ្ញៀវចូលមកច្រើនជាងគេបែរបន្តធ្លាក់ចុះ និងធ្លាក់ចុះជាងកាលឆ្នាំមុនទៅទៀត។

នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរបាយការណ៍ដដែលនោះបានបង្ហាញថា រយៈពេល២ខែដំបូងនៃឆ្នាំ២០២២នេះ ភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជាមានចំនួន៥.៤៨៩នាក់ ខណៈពីរខែដូចគ្នាកាលពីឆ្នាំមុនមានចំនួន៩.៥៥៩នាក់ ធ្លាក់ចុះ៤២,៦ភាគរយ។

តាមរបាយការណ៍ក៏បង្ហាញផងដែរថា ភ្ញៀវបរទេស ដែលមកពីប្រទេសអាស៊ានទាំង១០ មានចំនួនច្រើនជាងគេ រួមមាន ប្រទេសវៀតណាមជាប់លេខ១ ដែលមានភ្ញៀវមកដល់កម្ពុជានៅរយៈពេល២ខែនេះ មាន២៦.៤២៧នាក់ ភ្ញៀវថៃមានចំនួន២៦.១៦៨នាក់ ភ្ញៀវឥណ្ឌូនេស៊ីមានចំនួន៥.៧៦៧នាក់ ភ្ញៀវចិនមានចំនួន៥.៤៨៩នាក់។

ក្រៅពីនេះមាន សហរដ្ឋអាមេរិកមានចំនួន៦.១៩០នាក់ មកពីប្រទេសបារាំងមានចំនួន៤.០៩៩នាក់ មកពី កូរ៉េខាងត្បូង២.៥៩៦នាក់ មកពីប្រទេសម៉ាឡេស៊ីមានចំនួន២.២០២នាក់ ពីចក្រភពអង់គ្លេសមានចំនួន១.៨៦៣នាក់ និងមកពីតៃវ៉ាន់ មានចំនួន១.៦០៤នាក់ ។

សកម្មភាពអ្នកដំណើរមកដល់កម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីបានកើនឡើងខ្ពស់ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ។ ជាក់ស្ដែង អាកាសយានដ្ឋានទាំង៣ទទួលបានភ្ញៀវទេសចរអន្តរជាតិ៥២.៩៤១នាក់ ធៀបនឹងពីរខែដំបូង កាលឆ្នាំមុនកើនឡើងដល់២៣៦,៣ភាគរយ និងមានចំនួន ១៥.៧៤៣នាក់ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ផងដែរថា ដោយសារតែប្រទេសមួយចំនួននៅបន្តរឹតបន្តឹងវិធានការចេញចូលប្រទេស ទើបធ្វើឱ្យអ្នកដំណើរមកពីប្រទេសនោះបន្តធា្លក់ចុះ ប៉ុន្តែប្រទេសមួយចំនួនដែលបានដកវិធានការ ឬបន្ធូរបន្ថយវិធានការ ធ្វើឱ្យអ្នកដំណើរប្រទេសនោះមកកាន់កម្ពុជាមានកំណើនខ្ពស់។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានលើកឡើងផងដែរថា កំ ណើនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានកើនឡើងវិញចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកប្រទេស និងបន្ធូរបន្ថយការធ្វើចត្តាឡីស័ក។

លោកបន្តថា ក្រោយមកទៀត រដ្ឋាភិបាលក៏បានដកវិធានការធ្វើចត្តាឡីស័កនិងថ្មីៗនេះ លែងតម្រូវឱ្យមានការធ្វើតេស្តទៀតនោះ ទើបធ្វើឱ្យដំណើរបរទេសទាំងវិនិយោគិន និងទេសចរចូលមកកាន់តែច្រើន។ តែសម្រាប់ប្រទេស ដែលនៅរឹតបន្តឹងវិធានការ ដូចជាប្រទេសចិន ទើបធ្វើឱ្យអ្នកដំណើរមិនចាកចេញពីប្រទេសរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here