ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣ខែឆ្នាំ២០២២នេះ ចំណូលពន្ធកើនឡើងជាង១.២០០លានដុល្លារ កើនលើសពីឆ្នាំមុនជាង២០០លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ។

សម្តេចបានមានប្រសាសន៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន២៣៦លានដុល្លារ។ រយៈពេលពេញមួយខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូលខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា “គិតត្រឹមពីថ្ងៃម្សិលមិញ ចំណូលផ្ទៃក្នុងពន្ឋដារគិតជាប្រាក់ដុល្លារ២៣៦លានដុល្លារ រយៈពេល៣០ថ្ងៃបានជាង៦២០លានដុល្លារ។
សម្តេចថ្លែងបន្តថា “បើគិតមិនទាន់ដាច់ខែពីខែមករាមកដល់ពេលនេះ មាន១.២៣២លានដុល្លារ។ បីខែឆ្នាំ២០២២នេះ ចំណូលពន្ធកើនឡើងជាង ១.២០០លានដុល្លារ កើនលើសពីឆ្នាំមុនជាង២០០លានដុល្លារ”។
សម្តេចបានបញ្ជាក់ថា កាលពីឆ្នាំ ២០២២១ ក្នុងខែមករា មានចំណូលបាន២១៧លាន កុម្ភៈបាន២០០លាន មីនាបាន៦១៥លាន។ មកដល់ឆ្នាំ២០២២នេះ ក្នុងខែមករាបានចំនួន២៨៨លាន ខែកុម្ភៈបានចំនួន២២៣លាន (ប្រមាណ១៨,១៧ភាគរយ)។

សម្តេចតេជោកាលពីពេលថ្មីៗនេះបានចេញលិខិតកោតសរសើរលោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីពន្ធដារ ដែលខិតខំប្រមូលពន្ធជូនរដ្ឋលើសផែនការជាប់កំណត់ត្រាប្រវត្តិសាស្រ្ត។ ចំណូលពន្ធដារផ្ទៃក្នុង ដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា៕







