ស្ថាប័នធនាគាររដ្ឋនិងឯកជនធំពីរចុះហត្ថលេខាលើអនុស្សរណៈសហបរិញ្ញប្បទានគាំទ្រដល់វិស័យកសិកម្ម

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២៩ ខែមីនា បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផល កសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានរួមគ្នាលើវិស័យសំខាន់ៗចំនួន០៦រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រ ដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាង ធ.អ.ជ.ក. និង អេស៊ីលីដា ដោយស្ថិតលើមូលដ្ឋាន “មកមុនផ្ដល់ជូនមុន” ឬ First Come, First Served ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការពង្រីកឥណទានលើវិស័យទាំង០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មក្នុង ស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជា មោទនភាពបំផុតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ សម្រាប់គាំទ្រការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា យន្តការសហបរិញ្ញប្បទាន ចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្មនេះជាការដាក់មូលនិធិជាកញ្ចប់រួម ក្នុងគោលបំណងពង្រីកវិសាលភាព និងទំហំឥណទានដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានក្នុងកម្មវិធីនេះ ហើយក៏ជាយន្តការថ្មីដែលវិស័យឯកជនបានរួម ចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិសេសនេះ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ដំណាក់កាលទី២ ដល់ ធ.អ.ជ.ក សម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃ ផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ មៀនប៉ៃលិន ស្វាយ និង ស្វាយចន្ទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here