ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរលោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋលើសផែនការជាង៥៣៨លានដុល្លារ ជាប់កំណត់ត្រាប្រវត្តិសាស្រ្ត។
សម្តេចបានថ្លែងថា ចំណូលពន្ធដារផ្ទៃក្នុង ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិត ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាពនិងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

តាមរយៈសារលិខិត សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ បានលើសផែនការ ដែលកំណត់ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤,០២ភាគរយនៃផែនការប្រចាំឆ្នាំ។
សម្តេចតេជោបានបញ្ជាក់ថា “ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់២៤,០២ភាគរយ ស្មើនឹង ប្រមាណជា៥៣៨,៨៥លានដុល្លារ”។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំ ប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តម ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ៕







