សន្ទុះភ្ញៀវទេសចរទៅកំសាន្តខេត្តព្រះសីហនុចាប់ផ្តើមមានកំណើនខ្ពស់ខ្លាំងមុនចូលឆ្នាំថ្មី

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា សណ្ឋាគារនៅខេត្តព្រះសីហនុ ត្រូវបានកក់អស់ សម្រាប់ការស្នាក់នៅ ក្នុងឱកាសបុណ្យចូលឆ្នាំ ខណៈក្រសួងទេសចរណ៍ ទើបចេញរបាយការណ៍ខេត្តព្រះសីហនុ បានជាប់ចំណាត់ថ្នាក់លេខមួយ ជាខេត្តដែលទាក់ទាញទេសចរច្រើនបំផុតក្នុងចុងសប្តាហ៍ទី៤ខែមីនានេះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីស     ម្ពោ​ធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោទើបបានណែនាំ ដល់រដ្ឋបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្ត សប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។

សម្តេចថ្លែងថា “ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះនឹងមានឱកាស សម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេង ដែលយើងបានខកខាន រយៈពេល២ឆ្នាំមកហើយ”។សម្តេចបន្តថា ” ខេត្តព្រះសីហនុ បានកក់អូតែលអស់ហើយ។ ខេត្តសៀមរាបពេលដែលខ្ញុំទៅសម្ភោធផ្លូវ ឮថាចង់អស់អូតែលទៀតហើយ”។

សម្ដេចថ្លែងបន្ថែមថា “ឥលូវប៉ូលទាំងបី ភ្នំពេញក៏មានហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អ ខេត្តព្រះសីហនុដែលជាប៉ូលទី២ នៃសេដ្ឋកិច្ចរបស់កម្ពុជាក៏មានផ្លូវល្អ ខេត្តសៀមរាបក៏មានផ្លូវល្អ”។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ មានចំនួន ២០៦.១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣.៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២.៥៣៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៣១.៥៨៧ នាក់ រាជធានីភ្នំពេញ ២៨.៦០៨ នាក់ ខេត្តបាត់ដំបង ២៣.៩៨០ នាក់ ខេត្តកំពត ២២.៧០២ នាក់ ខេត្តសៀមរាប ១៧.៥៣០ នាក់ ខេត្តកែប ១៥.២៤៦ នាក់ និងខេត្តពោធិ៍សាត់ ១០.៦៥២ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here