“ទឹកឃ្មុំព្រៃមណ្ឌលគិរី” គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅសប្តាហ៍ក្រោយ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី២៧ ខែមីនាខាងមុខនេះ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅលើទីផ្សារជាតិនិងអន្តរជាតិ។

យោងតាមសេចក្តីជូនដំណឹង របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ការប្រារព្វពិធីសម្ពោធនេះ នឹងធ្វើឡើងនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសៀវភៅបន្ទុកផលិតផល សម្គាល់ភូមិសាស្រ្តទឹកឃ្មុំព្រៃមណ្ឌលគិរី ការប្រមូលទឹកឃ្មុំព្រៃមណ្ឌលគិរី បញ្ជាក់ពីប្រភពដើមផលិតសម្គាល់ភូមិសាស្រ្ត លុះត្រាតែស្ថិតនៅស្រុកឬក្រុងមួយចំនួន៥ក្នុងខេត្តមណ្ឌលគិរី ដូចជាស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកអូរាំង ស្រុកកែវសីមា និងក្រុងសែនមនោរម្យ។

ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ត្រូវបានក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយបានរៀបចំចងក្រងនិងតម្កល់សៀវភៅបន្ទុក ”ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមកិច្ចគាំទ្ររបស់ក្រសួងនិងអង្គការចំនួន៩។
ក្រសួងនិងអង្គការទាំងនោះមានដូចជា មូលនិធិសកលសម្រា​ប់អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជន​បទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរីក្រោមជំនួយពីពលរដ្ឋអាមេរិក USAID សហភាពអឺរ៉ុបនិងស៊ីដា (EU/Sida) ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមូលនិធិ October Hill Foundation។

នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គា​ល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្នុងគោលបំណងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃ ខេត្តមណ្ឌ​លគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ នៅលើទីផ្សារជាតិនិងអន្តរជាតិ។

ក្រៅពីនេះដើម្បីអភិរក្សចំណេះដឹង ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពសំបកវេចខ្ចប់ ផ្សព្វផ្សា​យអំពីកេរ្តិ៍ឈ្មោះ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងចូលរួមថែរក្សាតំបន់ព្រៃការពារជាគោលដៅទេសចរណ៍ និងបង្កើនច្រវ៉ាក់តម្លៃបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

យោងតាមលិខិតជូនដំណឹងខាងលើ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ក៏នឹងមានការប្រារព្ធទិវាមួយម៉ោង សម្រាប់ភពផែនដី (Earth Hour) ឆ្នាំ២០២២ និងមានស្តង់សម្រាប់ដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញទឹកឃ្មុំព្រៃមណ្ឌលគិរី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ និងផលិតផលម៉ាកសមូហភាពអង្ករព្រះវិហារ និងអំបុកកំពង់ធំ ព្រមទាំងផលិតផលផ្សេងៗទៀត ដោយចាប់ពីថ្ងៃ២៦ ដល់២៨ ខែមីនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here