ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រជាជនកម្ពុជាជិត២លាននាក់ បាននិងកំពុងប្រើប្រាស់សេវាកម្មឥណទាន នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា។
លោកគិត សុវណ្ណារឹទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកកម្ពុជាថ្លៃងនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៣ មីនា២០២២ថា ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ មាន៩,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុប មានប្រមាណ៧,៨៤ប៊ីលានដុល្លារអាមេរិក ត្រូវបានផ្តល់ដល់អតិថិជនជាង១,៩៧លានគណនី និងគណនីប្រាក់បញ្ញើ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួនជាង២,៥៧លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុប៤,១៣ ប៊ីលានដុល្លារអាមេរិក។
លោកបន្តថា “ទោះបីកម្ពុជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយវិស័យមីក្រូហិរញ្ញវត្ថុ នៅតែរក្សានូវការរីកចម្រើន និងបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដដែល ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី”។
ចំណែកលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ថា ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំង ១២១ គ្រឹះស្ថាន បានបង្ហាញនូវការប្តេជ្ញាចិត្ត នឹងដោះស្រាយបញ្ហាជាមួយអតិថិជន ប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ជាពិសេសក្នុងអំឡុងពេលដ៏លំបាក ដោយសារផលប៉ះពាល់អវិជ្ជមាន នៃជំងឺកូវីដ១៩ ផងដែរ។
លោកបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏បានដាក់ទិសដៅរួមមួយស្រាប់ សម្រាប់អតិថិជនរបស់ឱ្យខ្លួនទទួលបានយោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍ មួយគឺ ភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន៕